គណៈប្រតិភូក្រសួងរៀបចំដែនដី អញ្ជើញទៅទស្សនកិច្ចនៅទីភ្នាក់ងាររុករកលំហអាកាសជប៉ុន និងអាជ្ញាធរព័ត៌មានភូមិសាស្ត្រនៃប្រទេសជប៉ុន
ភ្នំពេញ ៖ បន្ទាប់ពីទៅដល់ប្រទេសជប៉ុន គណៈប្រតិភូ ដែលដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញទៅទស្សនកិច្ចនៅទីភ្នាក់ងាររុករកលំហអាកាសជប៉ុន (JAXA) និងអាជ្ញាធរព័ត៌មានភូមិសាស្ត្រនៃប្រទេសជប៉ុន (GSI) នៅទីស្នាក់ការក្នុងក្រុងតូក្យូ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។
សេចក្តីរាយការណ៍បានឳ្យដឹងថា ក្នុងឱកាសនោះ ប្រធានទីភ្នាក់ងារទាំងពីរ បានរាយការណ៍ពីដំណើរការក្នុងវិស័យរបស់ខ្លួន ដែលផ្តល់លទ្ធភាពដល់ក្រសួង ក្នុងកិច្ចសហប្រតិបត្តិការបន្ថែមដើម្បីជាជំនួយដល់ការអនុវត្តគោលនយោបាយអាទិភាពរបស់ក្រសួងលើការចុះបញ្ជីដីធ្លីបញ្ចប់ និងការរៀបចំហេដ្ឋារចនាសម្ពន្ធ័ក្នុងក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ៕ ដោយៈគ្រី សម្បត្តិ