ពិធីលៀងមេមត់ជំនឿដែលខ្មែរគោរពតាំងពីយូរលង់ និងតំបន់ខ្លះនៅតែបន្តប្រតិបត្តិមកដល់បច្ចុប្បន្ន
ភ្នំពេញ៖ លៀងមេមត់ គឺជាជំនឿមួយក្នុងចំណោមជំនឿដទៃទៀតដែលពលរដ្ឋខ្មែរគោរពតាំងពីយូរលង់មកហើយ និងបច្ចុប្បន្ននៅតែបន្តប្រតិបត្តិរហូតដល់សព្វថ្ងៃ ជាពិសេស អ្នករស់នៅក្នុងតំបន់អង្គរ។
តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងថាពិធីលៀងមេមត់ជាជំនឿនៅលើការគោរពអមនុស្សមានដូចជា ព្រលឹងដូនតា អារក្ស អ្នកតាម្ចាស់ទឹក ម្ចាស់ដីជាដើម គឺជាការដឹងគុណ ដែលអមនុស្សអាចជួយឱ្យពួកគាត់បានសេចក្ដីសុខចម្រើន និងរួចផុតពីជំងឺនានា។
លោកតា ឌិន ហាន ដែលជាអ្នកស្នងរូប បានរៀបចំពិធីលៀងមេមត់នៅផ្ទះរបស់គាត់ស្ថិតនៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក មានប្រសាសន៍ថា ពិធីលៀងមេមត់ ធ្វើឡើងដើម្បីលាបំណន់ និងលាមាត់ដែលបានបន់ស្រន់ ក្រោយពីអ្នកជំងឺបានជាសះស្បើយ និងដើម្បីសុំសេចក្ដីសុខ និងសេចក្ដីចម្រើនឱ្យព្រលឹងដូនតាដែលជាគ្រូកំណើតឱ្យបានសប្បាយផង និងឱ្យអ្នកស្នងរូបបានជាពីជំងឺផ្សេងៗ ព្រមទាំង ការបង្ហាញនូវការនឹកគុណដល់ខ្មោចជីដូនជីតា ដែលបានថែរក្សាក្រុមគ្រួសារឱ្យសុខសប្បាយកន្លងមក។
លោកតា ឌិន ហាន បានរៀបរាប់ប្រាប់ថា” បន្ទាប់ពីបន់ស្រន់រួចហើយ បើសិនអ្នកជំងឺបានជាសះស្បើយហើយ យើងត្រូវរៀបចំពិធីលៀងមេមត់ទៅតាមថ្ងៃខែដែលបានសន្យាជាមួយគ្រូ។ តាមជំនឿ គេធ្វើពិធីលៀងមេមត់ឱ្យចំថ្ងៃព្រហស្បតិ៍ ចំថ្ងៃពេញបូណ៌មី ខែមាឃ។ លោកតា បន្តទៀតថា មុនដល់ពិធីលៀងមេមត់នេះ យើងត្រូវធ្វើពិធីឡើងអ្នកតា នៅថ្ងៃ៣កើត ខែមាឃ ហើយបន្ទាប់ពីពិធីឡើងអ្នកតា គឺមានកិច្ចពិធីសំពះគ្រូ ដោយធ្វើឱ្យចំខែពេញបូណ៌មី។ ផុតពីនោះ បើគ្រូណាចង់លៀង គឺស្រេចតែគ្រូ តែគ្រូនេះ ២ទៅ៣ឆ្នាំទើបធ្វើម្ដង មិនកំណត់ថា ធ្វើជារៀងរាល់ឆ្នាំទេ គឺអាស្រ័យលើការសន្យាជាមួយគ្រូ និងរយៈពេលប៉ុន្មានឆ្នាំត្រូវលៀងមេមត់ជូនគ្រូ។ ពិធីលៀងមេមត់នេះ ត្រូវលេងភ្លេងមេមត់ ទើបអាចបញ្ចូលរូបបាន”។
រីឯសម្រាប់គ្រឿងរណ្តាប់ សំណែនក្នុងពិធីលៀងមេមត់ មានដូចជា គ្រូកំណើត កន្លងគ្រូកំណើត ពែបាយព្រាយ សំណែនគ្រូកំណើត គ្រែព្រះធម៌ បាយសី ជម ពិតាន តោក ជមព្រះភូមិ ក្បាលជ្រូក ម្លូ ស្លា បារី ធូប ទៀន សម្លបាយ នំអន្សម ចេកណាំវ៉ា ផ្លែឈើគ្រប់មុខ។ គ្រឿងរណ្ដាប់ទាំងអស់នេះ ត្រូវបានរៀបចំដោយអ្នកត្រូវស្នងរូបនីមួយៗផ្សេងគ្នាទៅតាមគ្រូបាអាចារ្យកាន់រៀងខ្លួនៗ មានចំនួនច្រើនមិនក្រោម១០រូបនោះឡើយ មានប្រុសស្រី ចាស់ ក្មេង និងរៀបចំនៅក្នុងរោងមួយយ៉ាងសមរម្យសម្រាប់ធ្វើកិច្ចពិធី ហើយមានក្រុមវង់ភ្លេងអារក្សផង។ ក្នុងកម្មវិធីនេះដែរ ឃើញមានអ្នកភូមិផង បានយកអង្ករ និងបច្ច័យមកចូលរួមតាមសទ្ធាផង។
តាមការសង្កេត ពិធីលៀងមេមត់ គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សខ្មែរតំបន់អង្គរ ព្រោះជាផ្នែកមួយនៃការរស់នៅរបស់ពួកគាត់ទាក់ទងនឹងជំនឿ ដែលផ្តាច់មិនបាន។ បន្ថែមពីនេះ វាក៏បង្ហាញពីការដឹងគុណចំពោះបុព្វបុរសជាគ្រូបាអាចារ្យ ជាឪពុកម្ដាយដែលបានចែកឋានទៅហើយផង។ ការជឿជាក់ និងការឃើញរឿង ហេតុការណ៍នៅក្នុងពិធីជាអ្វីដែលធ្វើឱ្យអ្នកស្រុកអង្គរយល់ថា វត្ថុស័ក្ដិសិទ្ធិ និងបារមីនៅតែមានជីវិតរស់នៅលើដែនដីអង្គរមិនសាបសូន្យទៅណា។ ការគោរពប្រតិបត្តិទាំងនេះ ជាការរួមចំណែកមួយក្នុងការថែរក្សាមរតក ជំនឿឱ្យនៅតែមានជីវិតគ្រប់ជំនាន់របស់ជាតិខ្មែរ៕ដោយ៖ម៉ាដេប៉ូ