របបយោធានៅប្រទេសហ្គីណេ រំលាយរដ្ឋាភិបាល

កូណាគ្រី៖ របបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសហ្គីណេ កាលពីថ្ងៃចន្ទ បានចេញសាលក្រមរំលាយរដ្ឋាភិបាល ដែលខ្លួនចូលមកកាន់កាប់ ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២២ នេះបើយោងតាមវីដេអូ Facebook ដែលត្រូវបានផ្សព្វផ្សាយដោយប្រធានាធិបតី។

ឧត្តមសេនីយ Amara Camara អ្នកនាំពាក្យរបបយោធា មិនបានផ្តល់ហេតុផលសម្រាប់ការរំលាយ ឬកាលបរិច្ឆេទនៃការប្រកាសរដ្ឋាភិបាលថ្មីនោះទេ។ លោកគ្រាន់តែនិយាយថា «រដ្ឋាភិបាលត្រូវបានរំលាយ» ។ លោកបានបន្ថែមថា «កិច្ចការបច្ចុប្បន្ន នឹងត្រូវគ្រប់គ្រងដោយនាយកខុទ្ទកាល័យ អគ្គលេខាធិការ និងអគ្គលេខាធិការរង រហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានដាក់ឱ្យដំណើរការ»។

គួរបញ្ជាក់ថា ហ្គីណេ ដែលគេស្គាល់ថា ជាប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិកខាងលិចមួយនេះ ត្រូវបានដឹកនាំដោយរបបយោធា តាំងពីខែកញ្ញា ឆ្នាំ២០២១។ ពេលនោះ ពួកគេបានទម្លាក់ប្រធានាធិបតីជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យដំបូង របស់ប្រទេសនេះ។

ក្រោមសម្ពាធអន្តរជាតិ លោក Mamady Doumbouya មេដឹកនាំរបបយោធាបានសន្យាថា នឹងប្រគល់ការគ្រប់គ្រងរដ្ឋាភិបាលវិញទៅឱ្យជនស៊ីវិលជាប់ឆ្នោត នៅចុងឆ្នាំ ២០២៤។ លោកថា ក្នុងអន្តរកាលនេះ គឺជាការអនុវត្តកំណែទម្រង់ដ៏ទូលំទូលាយ នៅក្នុងប្រទេស ជាប្រទេសដែលនៅតែក្រីក្រ បើទោះបីជាធនធានធម្មជាតិសន្ធឹកសន្ធាប់ក៏ដោយ។

ប៉ុន្តែគណបក្សប្រឆាំងបានចោទប្រកាន់ថា ការសន្យានេះគ្មានបានការអ្វីទេ ប៉ុន្តែ បានឲ្យប្រទេសស្ថិតក្នុងរបបផ្តាច់ការ។ ពួកយោធាបានហាមឃាត់ការធ្វើបាតុកម្មទាំងអស់ហើយបានចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង សមាជិកសង្គមស៊ីវិល និងសារព័ត៌មានមួយចំនួន។ ការចូលប្រើអ៊ីនធឺណិត ត្រូវបានរឹតបន្តឹង ជាច្រើនសប្តាហ៍មកហើយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner