តុលាការអាមេរិកកាត់ទោសអតីតប្រធានាធិបតីនៃប្រទេសហុងឌូរ៉ាស

បរទេស៖ នៅថ្ងៃអង្គារនេះ អតីតប្រធានាធិបតីនៃប្រទេសហុងឌូរ៉ាស លោក Hernandez ត្រូវបានគេចាប់ផ្តើមបើកសវនាការកាត់ទោស នៅឯតុលាការ ក្នុងទីក្រុងញូវយ៉ក ករណីជួញដូរគ្រឿងញៀន រួមទាំងការផ្ទេរកូកាអ៊ីនចំនួន៥០០ តោនឆ្លងកាត់ប្រទេសហុងឌូរ៉ាស ទៅកាន់សហរដ្ឋអាមេរិ។

លោក Juan Orlando Hernandez បានរងបទចោទប្រកាន់ ចំនួនបី ប្រឆាំងនឹងរូបលោក រួមមាន ការសមគំនិតក្នុងការជួញដូរគ្រឿងញៀន ការជួញដូរ និងកាន់កាប់អាវុធ ខុសច្បាប់។ បើរកឃើញថា មានពិរុទ្ធ ទាំងបីនេះមែន លោកអាចនឹងត្រូវជាប់គុកអស់មួយជីវិត។

បុរសវ័យ ៥៥ឆ្នាំ រូបនេះ ត្រូវបាននាំខ្លួនទៅសហរដ្ឋអាមេរិក ក្នុងខែមេសាឆ្នាំ ២០២២ ដើម្បីសាកសួរ ពីរឿងចោទប្រកាន់ដែលថា លោកបានជួយឱ្យមានការរត់ពន្ធកូកាអ៊ីន រាប់រយតោន ទៅកាន់សហរដ្ឋអាមេរិក ជាថ្នូរនឹងការសំណូករាប់លានដុល្លារ ពីអ្នកជួញដូរគ្រឿងញៀន។ ជាការធ្វើបត្យាប័ន បន្ទាប់ពីលោកបានប្រគល់អំណាច ទៅឱ្យប្រធានាធិបតីហុងឌូរ៉ាស បច្ចុប្បន្ន គឺលោកស្រី Xiomara Castro ដែលឆ្វេងនិយម។

ចុងចោទពីរនាក់ទៀត ដែលជាមនុស្សស្និទ្ធនឹងរូបលោក ជាអតីតមេប៉ូលីសឈ្មោះ Juan Carlos និងអតីតប៉ូលីសជាន់ខ្ពស់មួយរូបទៀតបានសារភាពកំហុស ក្នុងប៉ុន្មានថ្ងៃ ថ្មីៗនេះ ចំពោះការជួញដូរគ្រឿងញៀន។

ផ្ទុយពីស្ថានភាពបច្ចុប្បន្ន កាលពីពេលកាន់អំណាច ក្នុងនាមជាប្រធានាធិបតី លោក Hernandez ទទួលបានការកោតសរសើរ ពីសហរដ្ឋអាមេរិក សម្រាប់ការងាររឹបអូសគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ដោយកាលណោះ ជំនាន់រដ្ឋបាលរបស់ អតីតប្រធានាធិបតី Donald Trump។

យ៉ាងណាមិញ លោក Hernandez បានទទូចថា លោកគ្មានកំហុសទេ ដោយលោកបានសរសេរ នៅក្នុងសំបុត្រសាធារណៈផ្ញើពីពន្ធនាគារ នៅទីក្រុងញូវយ៉ក ហើយសារនេះក៏ត្រូវបានភរិយារបស់លោកបង្ហោះ លើបណ្តាញសង្គម X ដោយមានខ្លឹមសារថា «ខ្ញុំជាជនរងគ្រោះនៃការសងសឹក និងការឃុបឃិតដោយឧក្រិដ្ឋកម្មរៀបចំទុក និងជាសត្រូវនយោបាយ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner