លោក ពូទីន ឱ្យកាដូរថយន្តទំនើបដល់មេដឹកនាំកូរ៉េខាងជើង

មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង នៅថ្ងៃអង្គារ៍នេះ ចេញផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់កាដូរថយន្តទំនើបជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចំពេលដែលប្រទេសទាំងពីរកំពុងពង្រឹងទំនាក់ទំនងទ្វេភាគី ចាប់ពីវិស័យទេសចរណ៍ដល់វិស័យការពារជាតិ។

រថយន្តដែលជាកាដូសម្រាប់លោក គីម ជុងអ៊ុន នោះ ជាប្រភេទរថយន្តផលិតនៅប្រទេសរុស្ស៊ីផ្ទាល់ ហើយបញ្ជូនទៅឱ្យលោក គីម ជុងអ៊ុន តាមរយៈជំនួយការរបស់គាត់ កាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅ។ ជាមួយគ្នានេះ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គឺលោកស្រី គីម យ៉ូជុង បានផ្ញើពាក្យពេចន៍អរគុណរបស់លោក គីម ទៅជម្រាបជូនលោក ពូទីន តាមរយៈជំនួយការរបស់គាត់។

លោកស្រី គីម និយាយថា កាដូនេះសបញ្ជាក់ពីទំនាក់ទំនងផ្ទាល់ខ្លួនពិសេស រវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មាន KCNA មិនបានពិពណ៌នាលម្អិតថាតើនោះជារថយន្តម៉ាកអ្វី ឬក៏មានភិនភាគបែបណាទេ។ សូម្បីតែរថយន្តនោះដឹកពីរុស្ស៊ីទៅកូរ៉េខាងជើង តាមមធ្យោបាយអ្វីក៏គេមិនដឹងដែរ។

ការនាំចូលរថយន្តថ្លៃៗណាមួយទៅកាន់កូរ៉េខាងជើង នឹងរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានដាក់លើទីក្រុងព្យុងយ៉ាង ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍសព្វាវុធ។

សូមរម្លឹកថា បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោក គីម និងលោក ពូទីន កាលពីខែកញ្ញា នៅតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានអះអាងម្តងហើយម្តងទៀតថា កូរ៉េខាងជើងបានដឹកជញ្ជូនអាវុធទៅកាន់ទីក្រុងមូស្គូ ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ជាថ្នូរនឹងជំនួយរបស់រុស្ស៊ី សម្រាប់កម្មវិធីអភិវឌ្ឍផ្កាយរណបរបស់លោក គីម៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner