២៦ប្រទេសនៅអឺរ៉ុបទាមទារឱ្យផ្អាកប្រយុទ្ធនៅហ្គាហ្សា

ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell និយាយថា ប្រទេសសហភាពអឺរ៉ុបទាំងអស់ លើកលែងតែហុងគ្រី ក្នុងថ្ងៃចន្ទនេះ បានចូលរួមអំពាវនាវឱ្យមាន “ការផ្អាកបាញ់ដើម្បីផ្នែកមនុស្សធម៌បន្ទាន់” ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា។

សហភាពអឺរ៉ុបបានតស៊ូជំនះ ក្នុងការស្វែងរកការឆ្លើយតបរួមមួយ ជុំវិញប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស់។

ប៉ុន្តែឥឡូវនេះ លោក Borrell បានអះអាងថា រដ្ឋមន្ត្រីការបរទេសមកពីរដ្ឋចំនួន ២៦ ក្នុងប្លុកអឺរ៉ុប បានយល់ព្រមលើសេចក្តីថ្លែងការណ៍មួយ ដែលអំពាវនាវឱ្យមានការផ្អាកបាញ់ដើម្បីផ្នែកមនុស្សធម៌បន្ទាន់ ដែលវានឹងដឹកនាំទៅរកបទឈប់បាញ់ជាអចិន្ត្រៃយ៍។

បន្ថែមលើនេះ បណ្តាប្រទេសសហភាពអឺរ៉ុបក៏បានរំលឹកឡើងវិញ នូវការអំពាវនាវរបស់ពួកគេ ចំពោះអ៊ីស្រាអែល កុំឱ្យបើកការវាយលុកចូលទីក្រុង Rafah ដែលជាទីជំរកដ៏សំខាន់របស់ជនភៀសខ្លួនជាងកន្លះលាននាក់ផងដែរ។

គួរបញ្ជាក់ថា អ៊ីស្រាអែលកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ដែលសម្លាប់មនុស្សប្រហែល ១,៤០០នាក់ និងជាង ២០០នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

ចំណែកក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានបញ្ជាក់ថា ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់បានកើនឡើងដល់ ២៩,០៩២នាក់ និង៦៩,០២៨នាក់រងរបួស ភាគច្រើនជាស្រ្តី និងកុមារ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner