ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត

(ភ្នំពេញ)៖ ក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម អ៊ីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅ កម្ពុជា នារសៀលទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញបំណងចង់ឱ្យភាគីទាំងពីរបង្កើតអនុស្សរណៈក្នុងវិស័យសន្តិសុខ និងមានការផ្លាស់ប្តូរបទពិសោធន៍រវាងនគរបាល ក្នុងគោលបំណងកសាងធនធាននគរបាល នៃប្រទេសទាំងពីរ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើត បានបង្ហាញគោលជំហរដូចគ្នា ចាំបាច់ត្រូវមានកិច្ចការសហប្រតិបត្តិការខ្ពស់ ដើម្បីប្រឆាំងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់។ ភាគីទាំងពីរ ក៏សង្ឃឹមមុតមាំថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងបន្តរីកចម្រើនដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ ។

ក្នុងក្របខ័ណ្ឌនយោបាយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្ដែងនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចក្រឡាហោម អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី និងបានថ្លែងអំណរគុណឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ទីម័រខាងកើត។

ឯកឧត្តម ឯកអគ្គរដ្ឋទូតទីម័រខាងកើត ក៏បានសម្តែងនូវការអបអរសាទរ និងជឿជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន នៃប្រទេសកម្ពុជា ។

ក្នុងក្របខ័ណ្ឌអាស៊ានវិញ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអបអរសាទរចំពោះប្រទេសទីម័រខាងកើត ដែលត្រូវបានថ្នាក់ដឹកនាំអាស៊ានឯកភាពជាគោលការណ៍ឱ្យប្រទេសទីម័រ ខាងកើតជាសមាជិក ទី១១ របស់អាស៊ាន កាលពីក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ដែលស្ថិតក្នុងអាណត្តិជាប្រធានអាស៊ានរបស់កម្ពុជា ក្នុង ឆ្នាំ២០២២ កន្លងមក៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner