សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នាដើមខែមីនា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ស្ត្រីទីមួយកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នាដើមខែមីនា ឆ្នាំ២០២៤នេះ។ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ ពិតជាសប្បាយរីករាយនិងត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ការអញ្ជើញរបស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិត មកកាន់ប្រទេសអូស្ត្រាលី។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ពីថ្ងៃទី២ ដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ ។ ក្នុងដំណើរនៃការបំពេញទស្សនកិច្ចនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសនូវ៉ែលហ្សេឡង់ផងដែរ។
ប្រជាពលរដ្ឋសហគមន៍ខ្មែរដែលរស់នៅប្រទេសអូស្តាលី និងណូវ៉ែលហ្សឺឡង់ បានត្រៀមខ្លួនរួចជាស្រេចប្រកបដោយក្តីរំភើបយ៉ាងក្រៃលែង ដើម្បីទទួលបដិសណ្ឋាកិច្ចស្វាគមន៍ការអញ្ជើញរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតស្ត្រីទីមួយកម្ពុជាមកកាន់ប្រទេសអូស្ត្រាលី។ ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែររស់នៅគ្រប់ទិសទីបានអបអរសាទរចំពោះការអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី និងបានជូនពរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ទទួលបានជោគជ័យក្នុងដំណើរបំពេញបេសកកម្ម៕