រយៈពេល ១៥ឆ្នាំ មិត្តហ្វូនបានក្លាយជាអ្នកផ្តល់សេវាទូរគមនាគមន៍ឈានមុខគេ ក្នុងការ បម្រើ និងបង្កើតសុភមង្គលជូនប្រជាជនកម្ពុជា

(ភ្នំពេញ) ៖ ក្រុមហ៊ុនវៀតធេលកម្ពុជា ក្រោមស្លាកយីហោ មិត្តហ្វូន បានប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ឆ្នាំរបស់ខ្លួន(២០០៩-២០២៤) នៃការបើកសម្ពោធបណ្តាញសេវាមិត្តហ្វូន ក្រោមគំនិត “The Met’s Sonata” កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងដោយមានការអញ្ជើញចូលរួមពី រដ្ឋមន្រ្តី ឥស្សរជនជាន់ខ្ពស់នៃកម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Viettel Group លោក Tao Duc Thang និងឥស្សរជនជាច្រើនរូបផ្សេងទៀត។

លោក កៅ ម៉ាញ ដឹក (Cao Manh Duc) នាយកប្រតិបត្តិក្រុមហ៊ុន បានបញ្ជាក់អោយដឹងថា៖ មិត្តហ្វូនត្រូវបានបើកដំណើរការជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០០៩ អស់រយៈពេល ១៥ឆ្នាំចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន មិត្តហ្វូនបានក្លាយជាអ្នកផ្តល់សេវាទូរគមនាគមន៍ឈានមុខគេ និងមានមោទនភាពក្នុងដំណើររបស់ខ្លួនក្នុងការបម្រើ និងបង្កើតសុភមង្គលជូនប្រជាជនកម្ពុជា។

ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកដ៏ធំទូលាយ មិត្តហ្វូនបានឈានជើងចូលក្នុងការពង្រីកការគ្របដណ្តប់ទៅកាន់តំបន់ដាច់ស្រយាល ដែលអាចឱ្យប្រជាជននៅតំបន់ក្រខ្សត់ តំបន់ព្រំដែន និងតំបន់កោះអាចទទួលបានសេវាទូរគមនាគមន៍ក្នុងតម្លៃសមរម្យ។ សមិទ្ធផលនេះបានរួមចំណែកលើកកម្ពស់ស្ថានភាពសេវាទូរគមនាគមន៍នៅកម្ពុជា ស្របទៅនឹងប្រទេសដទៃទៀតក្នុងតំបន់ដោយហេតុនេះជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិត្តហ្វូនបានចូលរួមវិភាគទានប្រមាណ ១៣០ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ ដល់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាប់ ចំណាត់ថ្នាក់ក្នុងចំណោមអ្នកបរិច្ចាគកំពូលទាំង៥ ។

លោកបញ្ជាក់បន្ថែមថា មិត្តហ្វូននឹងបន្តដឹកនាំដំណើរផ្លាស់ប្តូរឌីជីថលនៅកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល វេទិកា និងសេវាកម្មដើម្បីបង្កើតសង្គមឌីជីថលជាមួយនឹងសសរស្តម្ភសំខាន់ៗចំនួនបួន៖ ទូរគមនាគមន៍ (ទូរស័ព្ទចល័ត និងអ៊ីនធឺណិតអចល័ត) ដំណោះស្រាយព័ត៌មានវិទ្យា ហិរញ្ញវត្ថុឌីជីថល និងសេវាកម្មឌីជីថល។ មិត្តហ្វូន នាំមុខគេក្នុងការផ្លាស់ប្តូរទៅទិន្នន័យជាមួយនឹង ៩២.៥% នៃអតិថិជនរបស់ខ្លួនដែលប្រើប្រាស់សេវា 4G ដោយដាក់ក្នុងចំណោមអត្រាប្រើប្រាស់ទិន្នន័យខ្ពស់បំផុតនៅទូទាំងពិភពលោក។ កំណើននេះកើតចេញពីការប្ដេជ្ញាចិត្តរបស់មិត្តហ្វូនក្នុងការរក្សាការគ្របដណ្តប់សេវាទូលំទូលាយបំផុតដើម្បីទៅដល់ប្រជាជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា។

ដំណើររយៈពេល ១៥ឆ្នាំរបស់មិត្តហ្វូនបានកសាងទំនុកចិត្ត និងសុភមង្គលតាមរយៈភាពស្មោះត្រង់ និងគុណតម្លៃដែលមិត្តហ្វូនបាននាំយកមកកម្ពុជា។ ការជឿទុកចិត្តនេះ គឺជាកម្លាំងចលករជំរុញឱ្យក្រុមហ៊ុនកាន់តែខិតខំប្រឹងប្រែង ដើម្បីបង្កើតតម្លៃបន្ថែមទៀតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ Viettel Group ចំពោះប្រទេសកម្ពុជា និងបង្ហាញពីបំណងចង់បន្តអភិវឌ្ឍទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និង Viettel Group ផងដែរ ។

ឯកឧត្តម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ នៃក្រុមហ៊ុន Viettel Group ដែលបានដឹកនាំក្រុមហ៊ុនមិត្តហ្វូន បាននាំមកនូវអត្ថប្រយោជន៍ជាច្រើន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសយើង។ នាថ្ងៃអនាគត ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា សង្ឃឹមថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងសមាជិកនៃក្រុមហ៊ុន Viettel Group នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងស៊ីជម្រៅ ដោយនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ភាគីទាំងពីរ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា»។

សូមបញ្ជាក់ថា៖ក្នុងពិធីគម្រប់ខួបនេះមិត្តហ្វូនក៏បានដាក់ឱ្យដំណើរការកម្មវិធីទូរទស្សន៍ឌីជីថល TV360 ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលប៉ុស្តិ៍ទូរទស្សន៍ជាច្រើនប្រកបដោយគុណភាពខ្ពស់ជាមួយឧបករណ៍បច្ចេកវិទ្យាផ្សេងៗ។ កម្មវិធី TV360គឺជាផ្នែកបន្ទាប់ដើម្បីបំពេញបន្ថែមប្រព័ន្ធអេកូឌីជីថលរបស់មិត្តហ្វូន ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព ស៊ួង ពិសិដ្ឋ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner