ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ធ្វើយ៉ាងណាមិនឲ្យកម្ពុជាក្លាយជាគោលដៅប្រព្រឹត្តបទល្មើសគ្រឿងញៀន

(ភ្នំពេញ)៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានលើកឡើងថា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មានគោលដៅធំ គឺមិនឲ្យប្រទេសកម្ពុជា ក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឲ្យគ្រឿងញៀនបង្កឥទ្ធិពល ញាំញីបំផ្លិចបំផ្លាញសង្គមជាតិ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយផែនការស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអះអាងទៀតថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់កន្លងមក បានទទួលលទ្ធផលគួរឲ្យកត់សម្គាល់ ហើយគោលដៅបន្ដទៀតនោះ ខិតខំប្តេជ្ញាធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាក្លាយជា ប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍បន្ដទៀតថា ស្ថានភាពគ្រឿងញៀននាពេលបច្ចុប្បន្ន បានឈានដល់ដំណាក់កាលមួយដ៏គួរ ឲ្យព្រួយបារម្ភជាទីបំផុត ដែលវាបានក្លាយទៅជាបញ្ហារួម របស់សង្គមជាតិទាំងមូល ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬ ពណ៌សម្បុរនោះឡើយ។ ក្នុងន័យនេះ គ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន រហូតដល់ក្រុមគ្រួសារនីមួយៗ ត្រូវតែចាត់ទុកបញ្ហា គ្រឿងញៀនជាបញ្ហារួម ដែលទាមទារឲ្យមានការសហការទប់ស្កាត់ អប់រំ ក្រើនរំលឹក និង មានវិធានការតឹងរ៉ឹង និង ម៉ឺងម៉ាត់ជាទីបំផុត។

គួររំលឹកផងដែរថា ៖ ផ្អែកតាមលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចំនួន៨លើក កន្លងទៅ (២០១៧-២០២៣) កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនសរុប ចំនួន ៥៥,៣០៥ករណី ឃាត់ខ្លួនជនសង្ស័យ ១២០,៣០៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ២៧,៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ៥២០,០០៥គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារៈនិង វត្ថុតាងជាច្រើនទៀត។

ក្នុងនោះសមត្ថកិច្ចបានស្រាវជ្រាវ បានរកឃើញ និងបានបង្ក្រាបបទល្មើសគ្រឿងញៀន ដែលមានអង្គការចាត់តាំងចំនួន៤៣៥ករណី ឃាត់ខ្លួនមេក្លោង១៦៤នាក់ និងខ្សែរយៈបណ្តាញ ៨១១នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ជាមួយគ្នានេះ កម្ពុជាក៏ទទួលបានការគាំទ្រ និងកិច្ចសហការពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសករណីធំៗ និងករណីកែច្នៃផលិតសារធាតុញៀន ត្រូវបានបង្ក្រាប និងកាត់បន្ថយស្ទើរតែគ្មានសកម្មភាពក្នុងឆ្នាំ២០២៣។ លើសពីនេះ ការបន្តស្រាវជ្រាវ បង្ក្រាបបទល្មើសសម្អាតប្រាក់ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដោយ បានបង្កក រឹបអូសទ្រព្យសម្បត្តិពីក្រុមឧក្រិដ្ឋជនគ្រឿងញៀនបានយ៉ាងច្រើនសន្ធឹកសន្ធាប់ បានរួមចំណែកធ្វើឲ្យកម្ពុជាចាកចេញពីបញ្ជីប្រផេះនៃ FATFផងដែរ ។

ដោយពិនិត្យឃើញថា ហានិភ័យដែលបណ្ដាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀន នៅតែបន្តរីករាលដាលទាំងនៅក្នុងតំបន់និងលើពិភពលោក រួមទាំងនៅកម្ពុជាផងនោះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តរៀបចំកសាង ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤ ដើម្បីការពារកិត្តិយស កិត្យានុភាពជាតិ បញ្ចៀសឲ្យបាននូវភាពរងគ្រោះ ដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន សំដៅធ្វើឲ្យបរិយាកាស សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ក៏ដូចជា ការថែរក្សានូវសុខុមាលភាពសង្គម លើកកម្ពស់ការអភិវឌ្ឍធនធានយុវជន និងបង្កើនភាពកក់ក្តនៅក្នុង សង្គមគ្រួសាររបស់ប្រជាពលរដ្ឋ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner