រដ្ឋមន្រ្តីព័ត៌មាន បញ្ជាក់ជំហរដាច់ខាតមិនឱ្យប្រព័ន្ធផ្សព្វផ្សាយបុរាណ បិទទ្វារនោះទេ

(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានបញ្ជាក់ជំហរដាច់ខាតមិនឱ្យប្រព័ន្ធផ្សព្វ ផ្សាយ បុរាណ ( វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ) បិទទ្វារនោះទេ ព្រោះប្រព័ន្ធនេះ នៅតែជាមធ្យោយបាយរឹងមាំផ្តល់ព័ត៌មាន ពិត ត្រឹមត្រូវ ផ្តល់ជំនឿទុកចិត្តដល់ អ្នក ស្តាប់ និងទស្សនា ។

ទោះបីប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីជំនួសមុខឱ្យប្រព័ន្ធផ្សព្វផ្សាយបុរាណក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ប៉ុន្តែប្រភពព័ត៌មានពិតប្រាកដគឺនៅប្រព័ន្ធផ្សព្វផ្សាយ បុរាណ វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ហើយឥឡូវនេះ វេបសាយ ក៏ចង់ក្លាយទៅ ជាប្រព័ន្ធផ្សព្វផ្សាយបុរាណទៅហើយដែរ ព្រោះគេមិនសូវមើលនោះទេ ដោយគេរុញ ទៅ Facebook TikTok កាណាល់ Telegram ។

ការលើកឡើងបែបនេះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានចូល ជួបពិភាក្សាការងារ ណែនាំខ្លួន ថ្នាក់ដឹកនាំថ្មី និងរាយការណ៍ពីបច្ចុប្បន្នភាពការងារ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ផងដែរ ។

ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា ដោយសារ មានការរីកចម្រើននូវប្រព័ន្ធផ្សព្វ ផ្សាយទំនើប គឺព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ នៅលាយឡំជាមួយគ្នា ដូច្នេះ ហើយក្រសួងព័ត៌មាន បាននិងកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ និងការពង្រឹងសន្តិសុខព័ត៌មាន ដែលសំដៅលើការធានានូវ សិទ្ធិទទួល ព័ត៌មានរបស់ប្រជាពលរដ្ឋ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ខណៈ ប្រព័ន្ធ ផ្សព្វផ្សាយទំនើបបាន និងកំពុងដើរតួនាទីជាប្រភពព័ត៌មានសំខាន់សម្រាប់ សាធារណជន។

ឯកឧត្តម បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជនពិតជាដើរតួនាទីសំខាន់ ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម និង ជាចំណែកនៃការធានានូវសិទ្ធិទទួលព័ត៌មាន និងសិទ្ធិដឹងរបស់សាធារណជន និងចូលរួមជាមួយអាជ្ញាធរក្នុង ការដោះស្រាយបញ្ហាទាន់ពេលវេលាដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារដែល អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា សម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លង ពិសេសបានផ្សព្វផ្សាយទាក់ទងការងាររបស់ស្រ្តី ជួយស្រ្តី លើកទឹកចិត្តស្រ្តីដើម្បីសង្គម និងការអភិវឌ្ឍ ។ តាមរយៈនេះ ឯកឧត្តម បានលើកទឹកចិត្តអោយមានអ្នកសារព័ត៌មានជាស្រ្តី បានកាន់តែច្រើនបន្ថែមទៀត ដើម្បីបន្តស្វែងរក និងផ្សព្វផ្សាយព័ត៌មានពិតទាក់ទងទៅនឹងស្ត្រី ក្នុងក្របខណ្ឌការងារក្រមសីលធម៍ វិជ្ជាជីវៈត្រឹមត្រូវ ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner