សម្តេចធិបតី ៖ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ជាតិ និងក្រោមជាតិឱ្យតែរកឃើញថាមានប្រើប្រាស់គ្រឿងញៀន ឬក៏ពាក់ព័ន្ធត្រូវបណ្តេញចេញពីក្របខ័ណ្ឌ
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ច្បាស់ៗថា មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិឱ្យតែរកឃើញថា មានប្រើប្រាស់គ្រឿងញៀន ឬក៏ពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនត្រូវបណ្តេញចេញពីក្របខ័ណ្ឌអត់ទុកទេ។
សម្ដេចធិបតីបានបង្ហាញហេតុផលនៃចំណាត់ការធ្ងន់ដៃបែបនេះថា គឺដើម្បីពង្រឹងវិន័យការឯកភាពក្នុងការអនុវត្តមន្ត្រីរាជការ ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងស៊ីវិល គឺត្រូវមានក្របខ័ណ្ឌវិន័យ ក្របខ័ណ្ឌសីលធម៌ និងការទទួលខុសត្រូវជាប្រជាពលរដ្ឋធម្មតា ។សម្ដេចបន្ថែមថា យើងជាគំរូគេ។ ដើម្បីទៅអនុវត្តយើងត្រូវចាប់ផ្តើមអនុវត្តសម្អាតផ្ទះយើងតែម្តង។ ។”គឺថាអត់មានការអនុគ្រោះនៅក្នុងជួររដ្ឋាភិបាលទៀតទេក្នុងការប្រើប្រាស់គ្រឿងញៀន”។ សម្ដេចធិបតីបញ្ជាក់ដោយទឹកមុខម៉ឹងម៉ាត់។
ចំណុចបញ្ជាក់ទាំងឡាយខាងលើ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចធិបតីបន្តថា មានបងប្អូនខ្លះសួរថា ទុកឱកាសលើកទី២ បានអត់? សម្តេចបានបញ្ជាក់ថា “កាប់ប្រឡាកាប់ឱ្យវាដាច់។ បើសិនជាកាប់មិនដាច់ វានឹងមុតយើង គ្រោះថ្នាក់បំផុត”។សម្តេចជឿថា មន្ត្រីរាជការបើមិនបានប្រើប្រាស់គ្រឿងញៀនមិនដាច់ពោះស្លាប់ទេ។ បើមិនបានប្រើប្រាស់,មិនបានប៉ះពាល់នូវគ្រឿងញៀនបែបនេះ ប្រហែលជាកាន់តែមានសុភមង្គលគ្រួសារតទៅទៀត ហើយនេះក៏ជាវិធីសាស្ត្រមួយដែរនៅក្នុងការសម្អាតចកនៅក្នុងបឹង៕
ដោយ៖ពលជ័យ