សត្វពង្រូលមួយ អាចស៊ីសត្វល្អិតបានដល់ទៅជាង ៧០លានក្បាល ក្នុងមួយឆ្នាំ និងជាសត្វកម្រកំពុងឈានទៅរងគ្រោះថ្នាក់ផុតពូជ
(ភ្នំពេញ)៖ សត្វពង្រូលពេលជួបឧបសគ្គ វាតែងរមូរខ្លួន ដោយយកកន្ទុយព័ទ្ធ ជុំវិញ រាងទាំងមូលដូចបាល់។ វាអាចបង្កើតកូនបាន ១ក្បាល ជួនកាល ២ក្បាល ក្រោយ ពរពោះរយៈពេល ២-៣ខែ ។ ពេលមានកូនតូច ពង្រូលញីត្រូវស៊ូទ្រាំធ្វើដំណើរ រាប់គីឡូម៉ែត្រតាមព្រៃនៅពេលយប់ ដោយមានកូនតោងជាប់កន្ទុយ របស់វានៅ ពីក្រោយផងដែរ។
ក្រសួងបរិស្ថានបានឱ្យដឹងនាកន្លងមកនេះថានៅក្នុងប្រទេសកម្ពុជាសត្វពង្រូលមានដោយកន្លែងក្នុងទីជម្រកសមស្រប ហើយវាជាប្រភេទមានដោយកម្រនៅកម្ពុជា និង ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការIUCN ថាជាប្រភេទកំពុងរងគ្រោះថ្នាក់ ឈាន ទៅរកការវិនាសផុតពូជ (CR)។
សត្វ ពង្រូលជាប្រភេទសត្វមួយដែលធ្វើចលនាដោយវារ មានថ្ងាសផត ស្រការព័ណ៌ ស្រអាប់ និងព័ណ៌ដី ដោយសៀតបញ្ចូលគ្នាជាប់នឹងស្បែកដូចដំបូលប្រក់ក្បឿង និង គ្មានធ្មេញ។ ពង្រូលជើងរបស់វាមានម្រាមប្រាំ និងមានក្រចកគ្រប់ម្រាមទាំងអស់ ក្រញ៉ាំ ជើងមុខវែងជាងក្រញ៉ាំជើងក្រោយ។ វាមានជម្រកភាគច្រើននៅក្នុង ព្រៃស្រោង ដែលមានដើមឈើខ្ពស់ៗ ព្រៃក្រោយការធ្វើអាជីវកម្ម និងដីកសិកម្ម។
USAID មរតកបៃតង បានឱ្យដឹងថា៖សត្វពង្រូលដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់ គ្រង ចំនួន សត្វល្អិតផ្សេងៗនៅក្នុងប្រពន្ធអេកូឡូស៊ី ហើយសត្វពង្រូល មួយក្បាល អាច ស៊ីសត្វល្អិតបានដល់ទៅជាង ៧០លានក្បាលក្នុងមួយឆ្នាំ ។ទោះបីយ៉ាងណា សត្វដ៏ អស្ចារ្យមួយប្រភេទនេះកំពុងតែមានការថយចុះជាបន្តបន្ទាប់។ វាកំពុងត្រូវបាន ចាត់ ថ្នាក់ ជាប្រភេទសត្វជិតផុតពូជបំផុត និងកំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាង ធ្ងន់ធ្ងរ ពីការជួញដូរសត្វព្រៃខុសច្បាប់ និងការបាត់បង់ទីជម្រក។ពង្រូលជាសត្វដែលរកស៊ីលើដី ឬក្នុងរន្ធឈើ ពេលថ្ងៃដេកក្នុងរន្ធដីហើយ ចំណី របស់វាមាន ស្រមោច សង្អារ អង្ក្រង ដុកឌឿ និងកណ្តៀរ ។
USAID មរតកបៃតង បានសម្តែងការ ចូលរួមអបអរសាទរទិវាសត្វពង្រូលពិភពលោក ២០២៤។ក្រៅពីនេះក៏បានអញ្ជើញសាធារណៈជនទស្សនាពីសកម្មភាព របស់សត្វ ពង្រូល នៅក្នុងព្រៃ ដែលថតបានដោយកាមេរ៉ាស្វ័យប្រវត្តិ។ក្រៅពីនេះក៏បានឱ្យ ស្រមៃ មើលពីភាពលំបាកដែលពួកវាកំពុងប្រឈមប្រចាំថ្ងៃ រួមមានការពពោះរយៈពេលវែង ទំរាំបង្កើតបានកូននីមួយៗ អមដោយការថែទាំពីមាតាជាច្រើនខែផងដែរ។
USAID មរតកបៃតងបានlលើកឡើងដែរថា៖” សូមរួមគ្នាបង្កើតការផ្លាស់ប្តូរ និង បញ្ឈប់ការជួញដូរសត្វព្រៃដោយខុសច្បាប់។ ចូលរួមចែករំលែកសារនេះ ដើម្បីផ្សព្វ ផ្សាយការយល់ដឹង និងគាំទ្រអង្គការនានាដែលធ្វើការដោយមិនខ្លាចនឿយ ហត់ដើម្បី ការពារសត្វព្រៃដ៏មានតម្លៃទាំងនេះ។ សូមចូលរួម ជាមួយ យើងនៅថ្ងៃនេះ ហើយ ក្រោក ឈរឡើងដើម្បីជីវិតរបស់សត្វពង្រូលគ្រប់ទីកន្លែង”៕
ដោយ៖ម៉ាដេប៉ូ