កូនផ្សោត ១ក្បាលនៅខេត្តក្រចេះ បានជាប់មងអ្នកនេសាទស្លាប់
(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹង ថា កូនសត្វផ្សោត១ក្បាលបានស្លាប់កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីវា បានជាប់មងអ្នកនេសាទរួចមក។
បើយោងតាមរដ្ឋបាលជលផលបានឱ្យដឹងទាក់ទិនក្នុងរឿងនេះថា កូនផ្សោតដែល បានស្លាប់នេះ ភេទឈ្មោល ប្រវែង១,០៤ម៉ែត្រ ទម្ងន់១៤គីឡូក្រាម បានស្លាប់ ក្នុងភូមិបឹងត្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានចម្ងាយប្រមាណ ១៦គីឡូម៉ែត្រពីអន្លង់កាំពី។
ប្រភពដដែលនេះបានឱ្យដឹងថា តាមការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញ នៃរដ្ឋបាល ជលផល និងអង្គការ WWF សន្និដ្ឋានថាកូនផ្សោតនេះស្លាប់ដោយ ឧបករណ៍នេសាទមង ពីព្រោះមានស្លាកស្នាមក្រឡាមងលើដងខ្លួនផ្នែកខាងក្រោយ។
ជាមួយគ្នានេះរដ្ឋបាលជលផលបានអំពាវនាវដល់បងប្អូនអ្នកនេសាទត្រូវបញ្ឈប់ការនេសាទដោយឧបករណ៍មងក្នុងតំបន់ផ្សោត និងឧបករណ៍ឆក់ បើពុំនោះនឹង ទទួល ទោសតាមច្បាប់ជាធរមាន ។
គួរបញ្ជាក់ថាក្រុមអ្នកអភិរក្សនៅដើមឆ្នាំនេះបានរកឃើញជាបន្តបន្ទាប់នូវវត្តមានកើតថ្មីនៃកូនសត្វផ្សោតទន្លេមេគង្គនៅក្នុងអន្លង់កាំពីនៃខេត្តក្រចេះ។គិតចាប់ពីខែមករា ដល់ ពាក់កណ្តាលខែកុម្ភៈក្នុងឆ្នាំ២០២៤នេះគេបានរកឃើញវត្តមាន កូនសត្វ ផ្សោត ទើបកើតថ្មីចំនួន ២ក្បាល។
គួរបញ្ជាក់ថាបច្ចុប្បន្នមានប្រទេសចំនួន ៦ប៉ុណ្ណោះ ដែលមានវត្តមាន ផ្សោតទឹកសាប រស់នៅ ។
កម្ពុជាជាប្រទេសដែលមានផ្សោតទឹកសាបច្រើនជាងគេ ដែលកំពុងហែលឡើងចុះ តាម ខ្សែ ទឹកដងទន្លេមេគង្គនៅម្តុំព្រែកកាំពី ក្នុងខេត្តក្រចេះ។សត្វផ្សោតទាំងនេះ កំពុង រស់នៅតាមទីជម្រកសំខាន់ៗនៃទន្លេមេគង្គចាប់ពីទីរួមខេត្តក្រចេះ រហូតទៅដល់ ព្រំប្រ ទល់ នៃប្រទេសឡាវ ប៉ែកខាងក្រោមនៃល្បាក់ខោនដែលមានចម្ងាយ ១៨០គីឡូម៉ែត្រ ៕
ដោយ៖ម៉ាដេប៉ូ