ធនាគារយក្សរបស់អាមេរិក Capital One ទិញ Discover ក្នុងតម្លៃ ៣៥.៣ ពាន់លានដុល្លារ

ធនាគារខ្នាតយក្សរបស់សហរដ្ឋអាមេរិក Capital One បានប្រកាស កាលពីថ្ងៃច័ន្ទថា ខ្លួននឹងទិញក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Discover ក្នុងកិច្ចព្រមព្រៀងភាគហ៊ុនទាំងអស់ ចំនួន ៣៥.៣ ពាន់លានដុល្លារ ដែលត្រូវរួមបញ្ចូលគ្នា រវាងក្រុមហ៊ុនកាតឥណទាន សំខាន់ៗទាំងពីរ របស់អាមេរិក។

លោក Richard Fairbank ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Capital One បាននិយាយថា ការទិញយក Discover នេះ នឹងជួយបង្កើតបណ្តាញទូទាត់ ដែលអាចប្រកួតប្រជែងជាមួយបណ្តាញទូទាត់ និងក្រុមហ៊ុនទូទាត់ធំៗផ្សេងទៀត។ លោកថា នៅពេលដែលកិច្ចព្រមព្រៀងបញ្ចប់ ម្ចាស់ហ៊ុន Capital One នឹងកាន់កាប់ប្រហែល ៦០ ភាគរយ នៃក្រុមហ៊ុនរួមបញ្ចូលគ្នា ហើយម្ចាស់ភាគហ៊ុន Discover នឹងកាន់កាប់ប្រហែល ៤០ ភាគរយ។

គួរបញ្ជាក់ថា Discover គឺស្ថិតក្នុងចំណោមបណ្តាញកាតឥណទានសំខាន់ៗរបស់សហរដ្ឋអាមេរិក ប៉ុន្តែមានទំហំតូចជាង កាតឥណទានលំដាប់កំពូលទាំងបី រួមមាន Visa, Mastercard និង American Express។

លោក Michael Rhodes នាយកប្រតិបត្តិ Discover បាននិយាយដែរថា ការទិញនេះនឹងបង្កើនល្បឿនកំណើន និងបង្កើនតម្លៃជាអតិបរមា សម្រាប់ម្ចាស់ភាគហ៊ុន។

យោងតាម Capital One ប្រសិនបើត្រូវបានអនុម័តមែន កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាផ្លូវការ នៅចុងឆ្នាំ ២០២៤ ឬដើមឆ្នាំ ២០២៥៕ ប្រភពពី APF ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner