សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យតែ រកឃើញថា មានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន គឺត្រូវបណ្តេញចេញ ពីក្របខណ្ឌ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្រើវិធានក្តៅជាមួយមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទាំងអស់ ប្រសិនបើរកឃើញមានពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌតែម្ដង ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ នារសៀលថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា មិញនេះ ខ្ញុំទើបស៊ីញ៉ែបទបញ្ជាមួយរបស់រាជរដ្ឋាភិបាល គឺពន្លាតនូវការអនុវត្តទូទាំងរាជរដ្ឋាភិបាលតែម្តង បានន័យថា មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យតែរកឃើញថា មានប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធត្រូវបណ្តេញចេញពីក្របខណ្ឌ អត់ទុកទេ ។
សម្តេចថា ការដាក់ចេញបទបញ្ជាថ្មីនេះ ដើម្បីឱ្យស្មើភាពគ្នារវាងកម្លាំងប្រដាប់អាវុធ (នគរបាល និងយោធា) និងមន្ត្រីរាជការស៊ីវិល ក្នុងការពង្រឹងវិន័យ និងការអនុវត្តការងារ ដែលក្លាយជាគំរូល្អ សម្រាប់ប្រជាពលរដ្ឋ។
សម្តេចធិបតី បានបន្តថា ដើម្បីបង្រ្កាបគ្រឿងញៀនឱ្យអស់ពីកម្ពុជា ពោល គឺត្រូវអនុវត្តសម្អាតមន្ត្រីរាជការស៊ីវិល ដែលជាអ្នកបង្រ្កាបជាមុនសិន។ សម្តេច ថា អត់មានការអនុគ្រោះមន្ត្រីក្នុងជួររាជរដ្ឋាភិបាលទៀតទេក្នុងការប្រើប្រាស់គ្រឿងញៀន ខ្ញុំថា កាប់ប្រឡា គឺកាប់ឱ្យវាដាច់ កាប់មិនដាច់ វាទៅមុតយើង ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើដល់ស្ថាប័នដែលមានមន្ត្រីខ្លួន ត្រូវបណ្ដេញចេញពីក្របខណ្ឌជាមន្ត្រីរាជការ ត្រូវសហការចែករំលែកទិន្នន័យ ពាក់ព័ន្ធនឹងការបណ្ដេញចេញនោះ ទៅក្រសួងមុខងារសាធារណៈ ដើម្បីបញ្ជៀសកុំឱ្យបុគ្គលរូបនោះ ដាក់ពាក្យទៅបម្រើការងារនៅស្ថាប័នផ្សេងទៀតបាន។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងនូវការគាំទ្រឱ្យមានការចែករំលែកទិន្នន័យរវាងក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និងក្រសួងមុខងារសាធារណៈ អំពីមន្ត្រីដែលពាក់ព័ន្ធល្មើសគ្រឿងញៀន ហើយត្រូវបានបណ្តេញចេញពីក្របខណ្ឌ ជៀសវៀងការលុបចោលក្របខណ្ឌនៅក្រសួងនេះ តែបែរជាអាចទៅបំពេញការងារ នៅក្រសួងផ្សេងទៀត ។
ជាមួយគ្នានោះ សម្ដេចធិបតី បានគូសបញ្ជាក់ថា តាមរយៈការដាក់ចេញនូវវិធានការច្បាស់លាស់ ដើម្បីលុបបំបាត់គ្រឿងញៀន សម្ដេចសង្ឃឹមថា នៅអំឡុង ១០ ឬ ១៥ ឆ្នាំខាងមុខ បញ្ហាគ្រឿងញៀន នឹងត្រូវថយចុះ ឬ លុបបំបាត់ទាំងស្រុង ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ