សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ និងក្រសួង ស្ថាប័ន សមត្ថកិច្ចត្រូវរួមគ្នាប្រយុទ្ធប្រឆាំងឱ្យបានចំពោះ គ្រឿងញៀន
ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន អំពាវនាវ ឱ្យប្រជាពលរដ្ឋ និងក្រសួងស្ថាប័ន សមត្ថកិច្ចទាំងអស់ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងឱ្យបានចំពោះគ្រឿងញៀន ។សារនេះក្នុង ឱកាសសម្ដេចធិបតីអញ្ជើញ ចូលរួមក្នុង ពិធីបិទសន្និបាតបូក សរុប លទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយ ផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀល ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ ។
ជាមួយនឹងសារអំពាវនាវសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹក អនុសាសន៍ណែនាំផ្ដាំផ្ញើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជាថា ចំពោះបញ្ហាគ្រឿងញៀន រាជរដ្ឋាភិបាលអាណត្តិថ្មីត្រូវចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាធំ ដែលត្រូវយកចិត្តទុកដាក់ធ្វើការដោះស្រាយ ។
សម្តេចធិបតីបញ្ជាក់ថា” ខ្ញុំសូមស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហារួម ដែលត្រូវចូលរួមទាំងអស់គ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និង សហថាមពល ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំង សំដៅឈានដល់ការលុបបំបាត់ ពី កម្ពុជា “។
សម្ដេចធិបតីបន្ថែមថា ក្នុងន័យនេ គ្រប់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន, រោងចក្រ-សហគ្រាស និងសមាជិកគ្រួសារ ត្រូវ ធ្វើការអប់រំ, ក្រើនរំលឹកពីផលប៉ះពាល់ និង វិនាសកម្មនៃគ្រឿងញៀន ព្រមទាំងមានវិធានការម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត ចំពោះការប្រើប្រាស់ គ្រឿងញៀន។ ត្រូវនិយាយថា “ទេ” ដាច់ខាតចំពោះគ្រឿងញៀន។
ពាក់ព័ន្ធនឹងបញ្ហាដ៏គ្រោះថ្នាក់ដល់បញ្ហាសង្គមជាតិនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំ សូមឱ្យបន្តអនុវត្តទិសស្លោក ៣កុំ ១ រាយការណ៍ គឺ «កុំពាក់ព័ន្ធ កុំធ្វើអន្តរាគមន៍ កុំបន្ធូរបន្ថយ និង ត្រូវរាយការណ៍» ៕
អត្ថបទ៖វណ្ណលុក