សម្តេចធិបតីចេញបទបញ្ជាបណ្តេញមន្ត្រីបុគ្គលិកក្នុងក្រសួងណាដែលពាក់ព័ន្ធនឹងគ្រឿងញៀន (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីរាជការណាក៏ដោយ នឹងត្រូវបណ្តេញចេញពីអង្គភាព និងក្រសួង ប្រសិនណាបើរកឃើញថា ជាប់ជំពាក់នឹងគ្រឿងញៀន។
ការបង្ក្រាបគ្រឿងញៀន គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលក្នុងអាណ្ណត្តិទី៧ នៃរដ្ឋសភា។ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ បានក្លាយជាអង្គភាព នៃគំរូមុនគេបំផុត តាមរយៈការធ្វើតេស្តទឹកនោម ដើម្បីការស្វែងរកបុគ្គលិក ឬមន្ត្រីណាដែលពាក់ព័ន្ធនឹងអំពើសេពគ្រឿងញៀន។
សម្តេចធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន បានថ្លែងជុំវិញការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការបណ្តេញបុគ្គលិក និងមន្ត្រីក្នុងក្រសួងទាំងឡាយណា ដែលបានរកឃើញជាប់ពាក់ព័ន្ធនឹងអំពើគ្រឿងញៀន។
យោងតាមបទបញ្ជាបីចំណុចចុះហត្ថលេខានៅថ្ងៃទី២០កុម្ភៈ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត៖
១៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការស៊ីវិល, មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
២៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល, មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
៣៖ ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ៕