ឯកឧត្តម ឡាវ វ៉ាន់ ៖ សុខភាពកុមារ គឺជាទ្រព្យសម្បត្តិដ៏ប្រពៃរបស់គ្រួសារ និងសង្គមជាតិ

ភ្នំពេញ៖ ថ្លែងទៅកាន់ក្រុមគ្រួសារកុមារទាំង៣ដែលមកពីខេត្តព្រះវិហារ ខេត្តតាកែវ និងរាជធានីភ្នំពេញ ឯកឧត្តម ឡាវ វ៉ាន់ មានប្រសាសន៍លើលឡើងថា សុខភាពល្អរបស់កុមារគឺមិនត្រឹមតែជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គ្រួសារ ប៉ុណ្ណោះទេ ថែមទាំងជារតនសម្បត្តិរបស់ប្រទេសជាតិថែមទៀតផង។

កុមារគឺជាទំពាំងស្នងឬស្សី គឺជាធនធនមនុស្សដ៏សំខាន់របស់ជាតិ ហើយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង។

ការថ្លែងរបស់ ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើឡើងកាលពី រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានវ័នម៉រទួលគោក ក្នុងពេលជួបសំណេះសំណាលជូនដំណើរកុមារមានជំងឺបេះដូងចំហ៣រូបដែលទៅទទួលការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន ប្រទេសចិន។

ជាមួយគ្នានេះ ដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរចំពោះអង្គការYUNDIរបស់ខេត្តយូណាន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបានចូលរួមជាចំណែកយ៉ាងសកម្មនៅក្នុងការស្វះស្វែងរកប្រភពជំនួយនានាទ្រទ្រង់ដល់ដំណើការសម្របសម្រួលជូនដល់កុមារកម្ពុជាទៅវះកាត់និងព្យាបាលជំងឺបេះដូងចំហដោយឥតគិតថ្លៃនៅក្នុងប្រទេសចិន។ ពោរពេញដោយក្តីសប្បាយរីករាយ និងរំភើបក្រៃលែង ក្នុងនាមក្រុមគ្រួសារកុមារទាំង៣គ្រួសារនេះ លោក ថោង វុន្ធី រស់នៅក្នុងខេត្តព្រះវិហារបានថ្លែងអំណរគុណដល់ឯកឧត្តម ឡាវ វ៉ាន់ ដែលបានជួយឧបត្ថម្ភទាំងស្រុងលើការធ្វើដំណើរ ការស្នាក់នៅ ការហូបចុក លិខិតឆ្លងដែន ទិដ្ឋាការ និងសំបុត្រយន្តហោះ ទាំងមុនពេលទៅ និងក្រោយពេលត្រឡប់មកពីការព្យាបាល ដើម្បីសម្រាលបន្ទុកយ៉ាងច្រើនដល់ក្រុមគ្រួសារកុមារមានជំងឺបេះដូងចំហទាំង៣រូប និងអ្នកកំដរ៣រូបបានមានលទ្ធភាពគ្រប់គ្រាន់ទៅទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យFUWAI ខេត្តយូណាន ប្រទេសចិន។

លោកបានគូសរំលេចបន្ថែមថា ជាងពេលណាៗទាំងអស់ដែលប្រជាជនកម្ពុជាទទួលបាននូវសេវាព្យាបាលសុខភាពបានយ៉ាងល្អប្រសើរ គឺនៅក្នុងសករាជតេជោ និងកំពុងបន្តមរតកនាសម័យសម្តេចធិបតីនាយករដ្ឋមន្ត្រី។ គួរបញ្ជាក់ផងដែរថា ដោយទទួលបានការក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា និងដោយមានកិច្ចសហការរវាងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ និងមន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន ប្រទេសចិន ទើបចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-ចិន បានចុះពិនិត្យសុខភាពឡើងវិញជូនដល់កុមារអាយុក្រោម១៤ឆ្នាំនៅក្នុងក្រុងព្រះវិហារ ស្រុកបាទី និងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ហើយជាលទ្ធផលមានកុមារ៣រូបត្រូវរកឃើញថាមានជំងឺបេះដូងចំហដែលគ្រោងនឹងបញ្ជូនទៅវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅប្រទេសចិន នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner