គ្រូបង្រៀនខេត្តបាត់ដំបងនិយាយថា កម្មវិធីអប់រំកាយបែបថ្មីមានសារៈប្រយោជន៍ ខ្លាំងណាស់ ចំពោះសិស្សព្រោះមានគោលដៅ និងមូលដ្ឋានគ្រឹះច្បាស់លាស់
បាត់ដំបង៖ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរបស់ជប៉ុនបានបន្តធ្វើសិក្ខាសាលា ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅតាមគ្រឹះស្ថានសិក្សាដល់មន្រ្តីការិយាល័យអប់រំកាយនិងកីឡានៃមន្ទីរអប់រំយុវជន និងកីឡា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូអប់រំកាយនិងកីឡា និង លោក គ្រូអ្នកគ្រូចាប់ពីថ្នាក់បឋមដល់វិទ្យាល័យ នៅខេត្ត បាត់ដំបង។
តាមរបាយការណ៍ បានបញ្ជាក់ថា សិក្ខាសាលាការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំ កាយ នៅតាមគ្រឹះស្ថានសិក្សា គឺមានសិក្ខាកាមចូលរួមចំនួន៧៩នាក់ មកពីស្រុក ចំនួន ៥ មានស្រុកបវេល ស្រុកសំពៅលូន ស្រុកកំរៀង ស្រុកភ្នំព្រឹក្ស និងស្រុកសំឡូត។ សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងធំៗចំនួន៣មានដូចជា៖ ១. ដើម្បីយល់ច្បាស់អំពីខ្លឹមសារ និងការបង្រៀនអប់រំកាយបែបថ្មីនៅក្នុងបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។ ២. ដើម្បីស្វែងយល់ពី សន្លឹក រង្វាយតម្លៃ ការត្រួតពិនិត្យថ្នាក់អប់រំកាយបែបថ្មី វិធីសាស្ត្រក្នុងការផ្សព្វផ្សាយ និងការអនុវត្តអប់រំកាយបែបថ្មី។ ៣. ដើម្បីបញ្ជាក់ពីការយល់ដឹងអំពីអប់រំកាយ បែបថ្មីតាមរយៈការធ្វើកម្រងសំណួរ។
នាយិកា សាលាបឋមសិក្សាតាស្តា ស្រុកសំពៅលូន លោកស្រី ឡោ វណ្ណារ៉ា សិក្ខាកាមមួយរូបបានបញ្ជាក់ថា ឆ្លងកាត់សិក្ខាសាលារយៈពេល៣ថ្ងៃនេះ លោក ស្រីទទួលបានចំណេះដឹងជាច្រើនដូចជា៖ ការធ្វើកាលវិភាគបង្រៀនសិស្ស យល់ដឹងពីខ្លឹមសារសម្រាប់បង្រៀនដល់សិស្ស ចេះរៀបចំផែនការក្នុងការបង្រៀន ចេះធ្វើផែនការបង្រៀនប្រចាំឆ្នាំ ចេះក្នុងការវាយតម្លៃ និងការអនវត្តវិធីសាស្រ្ត កម្មវិធីអប់រំកាយបែបថ្មី។ លោក ស្រី នាយិកា បានអះអាងទៀតថា បន្ទាប់ពីឆ្លងកាត់ សិក្ខាសាលានេះ យល់ឃើញថា អប់រំកាយបែបថ្មីនិងបែបចាស់ខុសគ្នាដាច់ស្រឡះ ពោលមានន័យថា កម្មវិធីបង្រៀនអប់រំកាយចាស់គឺលោកគ្រូអ្នកគ្រូទាំង អនុវត្តការ បង្រៀនតាមបែបចេះដឹងតគ្នា គ្មានកិច្ចតែងការ គ្មានសកម្មភាពច្បាស់លាស់ និងគ្មាន ការកំណត់ពេលវេលាមិនអាចឲ្យសិស្សមានមូលដ្ឋានគ្រឹះច្បាស់លាស់។ ដោយឡែក សម្រាប់កម្មវិធីបង្រៀនអប់រំកាយបែបថ្មីដែលចងក្រងដោយអង្គការបេះដូងមាសនេះ គឺល្អដោយសាមានគោលដៅនិងមូលដ្ឋានគ្រឹះច្បាស់លាស់ដែលអាចឲ្យសិស្សអភិវឌ្ឍក្លាយជាអ្នកកីឡាអាជីពបាន ។
លោក ម៉ូរ៉ិ ហ៊ីរ៉ូតាកា អ្នកសម្របសម្រួលគម្រោងនៃអង្គការក្រៅរដ្ឋាភិបាល បេះដួង មាស បានលើកឡើង នេះជាឆ្នាំចុងក្រោយនៅក្នុងគម្រោងអប់រំកាយ សម្រាប់ទាំង អស់គ្នាក្នុងការផ្សព្វផ្សាយគុណភាពអប់រំកាយពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សាទុតិយភូមិក្នុងខេត្តបាត់ដំបង។យ៉ាងណាក្តីពីឆ្នាំកន្លងមក ការផ្សព្វផ្សាយអប់រំកាយ ក្នុង ស្រុកទាំង៩របស់ខេត្តបាត់ដំបងគឺមានសន្ទុះគួរអោយភ្ញាក់ផ្អើល ។ តាមរយៈសិក្ខា សាលា៣ថ្ងៃនេះ លោកសង្ឃឹមយ៉ាងមោះមុតថាអប់រំកាយបែបថ្មី នឹងត្រូវបាន ផ្សព្វ ផ្សាយកាន់តែទូលំទូលាយបន្ថែមទាំងនៅក្នុងខេត្តនេះ៕
រូបភាព អង្គការ
អត្ថបទ៖ជាវ ចន្ធូ