អាមេរិកនឹងប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី ជុំវិញការស្លាប់មេបក្សប្រឆាំង Navalny
វ៉ាស៊ីងតោន ឌីស៊ី៖ សហរដ្ឋអាមេរិកនឹងប្រកាសដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី នៅថ្ងៃសុក្រសប្តាហ៍នេះ ជុំវិញការស្លាប់នៅក្នុងពន្ធនាគាររបស់មេដឹកនាំប្រឆាំង លោក Alexei Navalny ខណៈដែលរដ្ឋាភិបាលនៅប្លុកអឺរ៉ុបជាច្រើនបានកោះហៅអ្នកការទូតរុស្ស៊ី។
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយ កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងប្រកាសដាក់ទណ្ឌកម្មថ្មីនេះ ក៏ស្របពេលជាមួយនឹងខួបគម្រប់ពីរឆ្នាំ នៃការលុកលុយរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែនដែរ។ លោក Biden ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីចាកចេញពីសេតវិមានថា «យើងនឹងមានកញ្ចប់ធំមួយ ដែលត្រូវបានប្រកាស នៅថ្ងៃសុក្រ»។
អាជ្ញាធររុស្ស៊ីបាននិយាយថា គូប្រជែងនយោបាយដ៏សំខាន់របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺលោក Alexei Navalny បានស្លាប់ កាលពីថ្ងៃសុក្រ។ ក្រុមរបស់លោកនិយាយថា បុរស វ័យ ៤៧ ឆ្នាំរូបនេះ ត្រូវបានគេសម្លាប់។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានបញ្ជាក់ថា «កញ្ចប់ទណ្ឌកម្មដ៏សំខាន់មួយនេះ គឺ ដើម្បី ឲ្យរុស្ស៊ីទទួលខុសត្រូវចំពោះរឿងនេះ និងឆ្លើយតបទៅនឹងសង្រ្គាមដ៏សាហាវ និងឃោរឃៅ ដែលឥឡូវនេះ បានអូសបន្លាយ អស់រយៈពេលពីរឆ្នាំហើយ» ។
សហភាពអឺរ៉ុបបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ជុំវិញការស្លាប់របស់លោក Navalny មានដូចជា ប្រទេសបែលហ្ស៊ិក បារាំង អាល្លឺម៉ង់ អ៊ីតាលី និងប៉ូឡូញ ជាដើម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត