ឆ្នាំ២០២៣ រោងចក្រធុនធ្ងន់កំពុងដំណើរការទូទាំងប្រទេសមានសរុបចំនួន ២.១២៥ ក្នុងខណៈរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន២៤១ និងបិទទ្វារចំនួន៩៨
ភ្នំពេញ៖ ក្នុងអំឡុងឆ្នាំ ២០២៣ កន្លងមក មានរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន២៤១ និងបិទទ្វារចំនួន៩៨ ពោលគឺកើនចំនួន១៤៣ រោងចក្រ ឬស្មើ៧,២ភាគរយបើធៀបនឹងឆ្នាំ ២០២២។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានបង្ហាញសមិទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារជាយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៤បានឱ្យដឹងថា៖សម្រាប់ចំនួនរោងចក្រធុនធ្ងន់ដែលកំពុងដំណើរការទូទាំងប្រទេសមានចំនួន ២.១២៥ រោងចក្រ និងផ្តល់ការងារចំនួន ១.០៤០.៣៣៣ កន្លែង។
សម្រាប់ទុនវិនិយោគសរុបក្នុងឆ្នាំ២០២៣ មានចំនួន ១៨,៥៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,២៤ភាគរយ ធៀបនឹងឆ្នាំ២០២២។ តម្លៃបរិមាណផលិតមានចំនួន ១៦,៣៦ ពាន់លានដុល្លារ កើនឡើង ៥៣១ លានដុល្លារ (៣,៣៥ភាគរយ) បើធៀបនឹងឆ្នាំ២០២២។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦ភាគរយដែលនឹងគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ក្នុងនោះវិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨.៥ភាគរយ ធៀបនឹងឆ្នាំ២០២៣ មានប្រមាណ ៧,៧ភាគរយ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ដោយឡែកអនុវិស័យសំណង់នៅបន្តមានកំណើនទាប។
ឯកឧត្តម ហែម វណ្ណឌី បានថ្លែងឱ្យដឹងដែរថា៖ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញសមិទ្ធផលសំខាន់ៗ របស់ខ្លួនដែលសម្រេចបានក្នុងឆ្នាំ២០២៣ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤។ សមិទ្ធិផលទាំងនេះត្រូវបានបង្ហាញនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួង ដែលជាវេទិកាមួយដើម្បីលើកទិសដៅយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដោយបញ្ជាក់បន្ថែមថា ៖“វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានចាត់ទុកជាកម្លាំងចលករមួយ ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច ដោយបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ វិស័យនេះបាន និងកំពុងមានការអភិវឌ្ឍឈានទៅមុខប្រកបដោយថាមវន្ត មានលក្ខណៈចម្រុះសម្បូរបែប ផ្តោតលើទំនួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ច រវាងផ្នែកកែច្នៃ នវានុវត្តន៍ កម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោកផង៕
ដោយ៖ដេប៉ូ