ឆ្នាំ២០២៣ រដ្ឋាករទឹកសាធារណៈ និងឯកជនបានធ្វើការតភ្ជាប់បណ្តាញទឹកស្អាត សរុបចំនួន ជាង ១លានតំណកើនឡើង ៨,៥ភាគរយ

ភ្នំពេញ៖ នៅដំណាច់ឆ្នាំ២០២៣ រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករឯកជនបានធ្វើការតភ្ជាប់បណ្តាញទឹកស្អាតសរុបចំនួន ១.៣០៧.៨១០ តំណ កើនឡើង ៨,៥ភាគរយ បើធៀបនឹងមួយឆ្នាំមុន ហើយប្រវែងបណ្តាញផ្គត់ផ្គង់ទឹកស្អាតបានកើនឡើង ៣.០៦៧ គីឡូម៉ែត្រ (ឬ ១១ភាគរយ) ដល់៣០.៣៥១ គីឡូម៉ែត្រ។

យោងតាមតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានបង្ហាញសមិទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារជាយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៤បានឱ្យដឹងថានៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៤ថាក្នុងវិស័យទឹកស្អាត ក្រសួងបានបោះជំហានគួរឱ្យកត់សម្គាល់ ក្នុងការផលិតទឹកស្អាតសម្រាប់ទាំងការប្រើប្រាស់តាមលំនៅឋាន និងតាមរោងចក្រ-សហគ្រាសនានា។ ការផលិត និងការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសសម្រេចបាន ជាង ៤៦១លានម៉ែត្រគូប កើនឡើងប្រមាណ១៦ភាគរយ។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងដែរថា៖គិតមកដល់ឆ្នាំ២០២៣ ភូមិចំនួន ៦.៥១៩ ក្នុងចំណោមតំបន់សេវាសរុប ១០.១៧៣ ភូមិទទួលបានទឹកស្អាត ប្រើប្រាស់។

ប្រភពដដែលនេះបានឱ្យដឹងដែរថានៅក្នុងឆ្នាំ២០២៣ គម្រោងហេដ្ឋារចនា សម្ព័ន្ធទឹកស្អាតចំនួន ៥ ត្រូវបានបញ្ចប់។ ក្នុងនោះ ២គម្រោងជាហិរញ្ញប្បទានឥត សំណងរបស់ប្រទេសជប៉ុន ដែលស្មើប្រមាណ ៥០,៧០ លានដុល្លា និងគម្រោងហិរញ្ញប្បទានសម្បទានពីដៃគូអភិវឌ្ឍន៍នានា មានចំនួន ៣ គម្រោង ស្មើប្រមាណ ៤១៤,៩០លានដុល្លា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា៖សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦ភាគរយដែលនឹងគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ក្នុងនោះវិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨.៥ភាគរយ ធៀបនឹងឆ្នាំ២០២៣ មានប្រមាណ ៧,៧ភាគរយ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ដោយឡែកអនុវិស័យសំណង់នៅបន្តមានកំណើនទាប។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញសមិទ្ធផលសំខាន់ៗ របស់ខ្លួនដែលសម្រេចបានក្នុងឆ្នាំ២០២៣ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤។ សមិទ្ធិផលទាំងនេះត្រូវបានបង្ហាញនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួង ដែលជាវេទិកាមួយដើម្បីលើកទិសដៅយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner