ពលរដ្ឋស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានកើតការភ្ញាក់រលឹកនាំគ្នាប្រគល់ ឧបករណ៍ឆក់ត្រីដល់មន្រ្តីជលផល
ភ្នំពេញ៖ ក្រោយដឹងថាឧបករណ៍ឆក់ត្រីគឺជាបទល្មើសខុសច្បាប់ និងដើម្បីចូលរួមការពារត្រីធម្មជាតិតាមទន្លេ បឹង ត្រពាំងឱ្យបានគង់វង្សនោះពលរដ្ឋរស់នៅស្រុក ជលគិរី ខេត្តកំពង់ឆ្នាំបាននាំគ្នាប្រគល់ឧបករណ៍ឆក់ត្រីខុសច្បាប់ដល់មន្រ្តីជលផល។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលបានដឹកនាំក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណ:បញ្ជាការឯកភាព ស្រុកជលគីរី បានចុះទៅដល់មូលដ្ឋាន នៅភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីជលផល ជាពិសេស ផ្តោតលើការអំពាវនាវឲ្យប្រជានេសាទដែលប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ ស្ម័គ្រចិត្តប្រគល់ជូនដល់សមត្ថកិច្ច ដើម្បីរួមគ្នាលុបបំបាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នេះបន្តទៀត ។
ជាលទ្ធផល ប្រជាពលរដ្ឋនៅតំបន់នោះចំនួន៨រូប បានប្រគល់ឧបករណ៍ឆក់ត្រី ជូនខាងជំនាញជលផលដែលរួមមាន៖ អាំងវែកទ័រឆក់ត្រជាក់ចំនួន០៧គ្រឿង អាំងវែកទ័រឆក់ត្រីប្រភេទក្តៅ ចំនួន០១ គ្រឿង សរុបចំនួន ០៨គ្រឿង៕
ដោយ៖ម៉ាដេប៉ូ