សេដ្ឋកិច្ចអ៊ីស្រាអែល ធ្លាក់ចុះ ចំពេលមានសង្គ្រាមជាមួយក្រុមហាម៉ាស់
ហ្ស៊េរុយសាឡឹម៖ តួលេខផ្លូវការបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ីស្រាអែល ធ្លាក់ចុះជិត១ភាគ៥ ពោលគឺ ១៩.៤ភាគរយ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ បើធៀបនឹងរយៈពេល៣ខែមុន។
ការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ីស្រាអែល នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ត្រូវបានគេសន្មត់ថា ដោយសារការជះឥទ្ធិពលពីសង្គ្រាមនៅហ្គាហ្សា ដែលកំពុងបន្តកើតមានលើសេដ្ឋកិច្ចរបស់ប្រទេសដែលមានបច្ចេកវិទ្យាខ្ពស់មួយនេះ។
ការនាំចេញរបស់អ៊ីស្រាអែលធ្លាក់ចុះ ១៨.៣ភាគរយ និងការនាំចូល ៤២.៤ភាគរយ ដោយសារតែក្រុមហ៊ុនអាកាសចរណ៍បញ្ឈប់ការហោះហើរ និងការដឹកជញ្ជូនអន្តរជាតិ គេចចេញពីសមុទ្រក្រហម បន្ទាប់ពីក្រុមឧទ្ទាមហ៊ូទី បានចាប់ផ្តើមវាយប្រហារលើនាវា ដើម្បីឆ្លើយតបនឹងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។
ប្រទេសអ៊ីស្រាអែលបានជួបការខ្វះខាតកម្លាំងពលកម្មយ៉ាងច្រើន និងការដួលរលំនៃឧស្សាហកម្មទេសចរណ៍ ចាប់តាំងពីការផ្ទុះសង្រ្គាម។ តួយ៉ាង យោធាអ៊ីស្រាអែលបានកែនទ័ពបម្រុងជាង ៣០០,០០០នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ថ្ងៃទី៧ ខែតុលា ហើយភ្លាមៗរដ្ឋាភិបាលថែមទាំងបានរារាំងមិនឱ្យកម្មករប៉ាឡេស្ទីនយ៉ាងតិច ១៦០,០០០នាក់ចូលក្នុងប្រទេសអ៊ីស្រាអែល ដែលភាគច្រើននៃពួកគេបំពេញការងារផ្នែកសំណង់ និងកសិកម្ម។
ទោះបីជាយ៉ាងណាក៏ដោយ តួលេខរបស់ការិយាល័យស្ថិតិកណ្តាលអ៊ីស្រាអែល បានបង្ហាញថា ជារួម GDP របស់អ៊ីស្រាអែល បានកើនឡើង ២ភាគរយក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ ពោលគឺទាបជាងការព្យាករណ៍ ២.៣ភាគរយ ដែលធ្វើឡើងដោយធនាគារកណ្តាលអ៊ីស្រាអែល និងបន្ទាប់ពីការផ្ទុះសង្រ្គាមឡើងកាលពីខែតុលា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា