យន្តហោះចិនចង់ដណ្តើមតំណែង Airbus និង Boeing

សង្ហិបុរី៖ យន្តហោះដឹកអ្នកដំណើរផលិតក្នុងស្រុកដំបូងគេរបស់ប្រទេសចិន បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះដ៏ធំបំផុតរបស់អាស៊ី ដែលកំពុងបើកដំណើរការក្នុងប្រទេសសិង្ហបុរី ចាប់ពីថ្ងៃអង្គារ៍ ដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

ជាមួយនឹងយន្តហោះដឹកអ្នកដំណើរ C919 របស់ខ្លួន ប្រទេសចិនមានមហិច្ឆតាចង់ប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតយន្តហោះកំពូល គឺ Airbus និង Boeing ស្របពេលដែលទីក្រុងប៉េកាំងកំពុងកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស។ ក្រៅពីយន្តហោះខ្នាតធំ C919 ប្រទេសចិនក៏បានដាក់តាំងបង្ហាញយន្តហោះ ARJ21 ចំនួនពីរគ្រឿងផងដែរ ដែលយន្តហោះពាណិជ្ជកម្មខ្នាតតូច ផលិតដោយសាជីវកម្មយន្តហោះពាណិជ្ជកម្មរបស់រដ្ឋចិន (COMAC)។

យន្តហោះ C919 ចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្មដំបូងនៅក្នុងប្រទេសចិនកាលពីខែឧសភា ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅខាងក្រៅប្រទេសចិន គឺនៅក្នុងទីក្រុងហុងកុង កាលពីខែធ្នូ។ ខណៈពេលដែលវាមិនទាន់ទាក់ទាញអ្នកទិញនៅក្រៅប្រទេស យន្តហោះ C919 ទើបបានទទួលការបញ្ជាទិញដំបូងរបស់ខ្លួន ពីក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines របស់ប្រទេសចិន ដែលបានចុះកិច្ចសន្យាទិញយន្តហោះ C919 ចំនួន ៤០គ្រឿង និង ARJ21 ចំនួន ១០គ្រឿង។

COMAC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Henan Civil Aviation Development and Investment Group ក៏បានទិញយន្តហោះ ARJ21 ចំនួន ៦គ្រឿង ដែលនឹងប្រើប្រាស់សម្រាប់ការងារពន្លត់អគ្គីភ័យ, សេវាវេជ្ជសាស្រ្ត និងការគ្រប់គ្រងគ្រាអាសន្នផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនលើសពី ១,០០០ មកពីប្រទេសជាង ៥០ បាននាំគ្នាមកចូលរួមក្នុងព្រឹត្តិការណ៍ Singapore Airshow ដែលផ្តោតលើពាណិជ្ជកម្ម និងយោធា ហើយតែងរៀបចំប្រារព្ធឡើងរៀងរាល់២ឆ្នាំម្តង។ ក្រុមហ៊ុនយន្តហោះធំៗ ដែលមានវត្តមានក្នុងកម្មវិធីនេះ មានដូចជា Airbus, Boeing និង Lockheed Martin ដែលជារបស់អឺរ៉ុប និងសហរដ្ឋអាមេរិក ព្រមទាំងក្រុមហ៊ុនចិនដែលជាដៃគូប្រកួតប្រជែង COMAC និង AVIC ជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner