សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដំឡើងឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី ដើម្បីមានទម្ងន់លើការកែទម្រង់រដ្ឋបាលសាធារណៈ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ ឃើញមានការវាយប្រហាររឿងដំឡើងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈទៅជាឧបនាយករដ្ឋមន្ត្រី ទោះបីជាឯកឧត្តម ហ៊ុន ម៉ានី មិនមែនកាន់ការងារនេះ អ្នកណាក៏ដោយដែលកាន់ការងារនេះ ក៏ត្រូវដំឡើងដែរ ដោយសារក្រសួងមុខងារសាធារណៈដើរតួនាទីជាសេនាធិការនៅក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈដែលគ្របទៅលើជួយទៅលើការកំណែទម្រង់នេះដែលពាក់ព័ន្ធទៅដល់គ្រប់ក្រសួងស្ថា័នទាំងអស់។ បើសេនាធិការទម្ងន់ទាប ទៅប្រាប់គេរធ្វើការយ៉ាងម៉េចឱ្យនាយករដ្ឋមន្ត្រីដើរធ្វើការងារខ្លួនឯងឬយ៉ាងម៉េច?។ ការបញ្ជាក់នេះ ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា តម្រូវការកំណែទម្រង់អាទិភាពត្រូវបង្កើនសិទ្ធិ បង្កើតតួនាទី និងទម្ងន់ឱ្យធ្វើដើម្បីផលប្រយោជន៍ជាតិទាំងមូល។ នៅក្នុងការដឹកនាំអនុវត្តនូវគម្រោង។ ហេតុអីសម្តេចត្រូវបង្កើតគណៈកម្មការជាតិមួយទៀត ដែលនាយករដ្ឋមន្ត្រីដឹកនាំផ្ទាល់ទៅលើការកែទម្រង់បី គឺមុខងារសាធារណៈ កែទម្រង់អប់រំ និងសុខាភិបាល ដោយសារបីនេះសំខាន់។ ដោយសារយើងត្រូវការប្រសិទ្ធភាព ត្រូវការដាវ ហើយអត់មានពេលច្រើនទេ ត្រូវធ្វើការឱ្យដាច់លះតែម្តង ដើម្បីយើងអាចធ្វើទៅបាន។ បើមិនមានទម្ងន់គ្រប់ នាយករដ្ឋមន្ត្រីជាប្រធានគណៈកម្មការ ហើយរដ្ឋមន្ត្រីក្រសួងជំនាញជាសេនាធិការ ជាប្រធានលេខាធិការដ្ឋានដែលដឹកនាំអនុវត្ត ក្រសួងអប់រំ យុវជន និងកីឡា មានឯកឧត្តម ហង់ជួន ណារ៉ុន ក្រសួងសុខាភិបាលមានឯកឧត្តម ឈាង រ៉ា។ ក្រសួងមុខងារសាធារណៈទទួលកំណែទម្រង់ធំជាងគេ គឺរដ្ឋបាលសាធារណៈថ្នាក់ជាតិក្រោមជាតិ។ ហេតុនេះហើយ បានជាត្រូវរៀបចំដើម្បីឱ្យសង្គតិភាពនិងមានទម្ងន់ដើម្បីផលប្រយោជន៍ជាតិ។ កំណែទម្រង់មុខងារសាធារណៈ គឺជាកិច្ចការងារសំខាន់ណាស់សម្រាប់យើងធ្វើ។
សូមជម្រាបថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម័យប្រជុំរដ្ឋសភាវិសាមញ្ញនីតិកាលទី៧ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន៣រូប ជាឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី មាន៖
-ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
-ឯកឧត្តម ស៊្រី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
-ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
អង្គរដ្ឋសភា បានឯកភាពជាឯកច្ឆន្ទបោះឆ្នោតជូនឥស្សរជនខាងលើ តាមសំណើរបស់រាជរដ្ឋាភិបាល ដោយតម្រូវតាមការចំាបាច់ក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល៖
១.ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
២.ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)
៣.ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន



