សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការដំឡើង ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី ដើម្បីបន្ថែមទម្ងន់ និងប្រសិទ្ធភាពការងារ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣” នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងចាត់ទុកការដំឡើងតំណែងឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិនមែនដោយសារសាច់ញ្ញាតិរបស់សម្ដេចឡើយ តែផ្ទុយទៅវិញ គឺបន្ថែមទម្ងន់នៃយន្តការដឹកនាំគ្រប់គ្រងលើកិច្ចការកំណែទម្រង់មុខងារសាធារណៈ ។
សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ ឃើញមានការវាយប្រហារ ការដំឡើងរដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ទៅជាឧបនាយករដ្ឋមន្ដ្រី ដោយសារអ្នកនេះ អ្នកនោះ។ ទោះបីជា ហ៊ុន ម៉ានី មិនមែនកាន់ការងារនេះ អ្នកណាក៏ដោយ ដែលកាន់ការងារនេះ ក៏ត្រូវដំឡើងដែរ ។ ដោយសារអ្វី? ដោយសារក្រសួងនេះ ដើរតួនាទីជាសេនាធិការ ក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈ គ្របដណ្ដប់ទៅលើការជួយកំណែទម្រង់នេះ ពាក់ព័ន្ធទៅដល់គ្រប់ក្រសួងស្ថាប័ន្ធទាំងអស់។
ជាមួយគ្នានេះ សម្តេចបញ្ជាក់បន្ថែមថា ការដំឡើងឋានៈឯកឧត្តម ហ៊ុន ម៉ានី ដើម្បីសម្រួលដល់ឋានានុក្រមការងារប៉ុណ្ណោះ គ្មានបំណងអ្វីទេបើទោះបីជា ឯកឧត្តម ហ៊ុន ម៉ានី មិនមែនជាសាច់ញ្ញាតិ ឬក៏អ្នកផ្សេងដែលជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈក៏ត្រូវដំឡើងដែរ ព្រោះក្រសួងមុខងារសាធារណៈ ទទួលកំណែងទម្រង់ធំជាងគេ គឺរដ្ឋបាលសាធារណៈ។
សម្ដេចធិបតី បន្តថា បើសេនាធិការរបស់រាជរដ្ឋាភិបាល មានទម្ងន់ទាប តើទៅប្រាប់គេឲ្យធ្វើការយ៉ាងម៉េច? ឲ្យនាយករដ្ឋមន្ដ្រី ធ្វើទៅការងារខ្លួនឯងឬ?។ ដូច្នេះ តម្រូវការកំណែទម្រង់អាទិភាព ត្រូវបង្កើនសិទ្ធិ បង្កើនតួនាទី ដើម្បីផលប្រយោជន៍ទាំងមូល ។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីឯកឧត្តម ហ៊ុន ម៉ានី ទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
សូមជម្រាបដែរថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ស្រ៊ី ថាមរុង្គ និងឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ក្រោយសមាជិករដ្ឋសភាចំនួន ១២០រូបបានបោះឆ្នោតជ្រើសតាំង ជាឧបនាយករដ្ឋមន្ដ្រី និងទេសរដ្ឋមន្រ្តី ២រូប ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ


