នាយករដ្ឋមន្ត្រី មានសិទ្ធិក្នុងការណែនាំតម្រង់ទិសគ្រប់ក្រសួងស្ថាប័ន ដែលជាគោលនយោបាយរបស់ជាតិ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣” នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នាយករដ្ឋមន្ត្រី មានសិទ្ធិណែនាំតម្រង់ទិសដល់គ្រប់ក្រសួងស្ថាប័ន ក្រោមឱវាទ ដើម្បីភាពជោគជ័យរបស់ជាតិ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានអ្នកខ្លះថា ឃើញតែលោក ហ៊ុន ម៉ាណែត ដើរគ្រប់កន្លែង ដើរទៅធ្វើការជំនួសគេគ្រប់កន្លែង ថ្ងៃមុនគ្រាន់តែទៅក្រសួងព័ត៌មាន ណែនាំក្រសួងព័ត៌មាន រឿងសារព័ត៌មាន រឿងអីសោះ ការផ្សព្វផ្សាយសោះ គេថា ខ្ញុំទៅលូកដៃការងាររបស់ក្រសួងព័ត៌មាន ។

សម្ដេចបញ្ជាក់ថា ធ្វើនាយករដ្ឋមន្ត្រី បើមិនមានសិទ្ធិណែនាំ ក្រសួងស្ថាប័ន ក្រោមឱវាទឲ្យដាក់ទិសដៅការងារនោះ ឲ្យធ្វើនាយករដ្ឋមន្ត្រីធ្វើអី ។

សម្តេចនាយករដ្ឋមន្ត្រី បានពន្យល់បន្ថែមថា ភារកិច្ចជាប្រធានស្ថាប័ន សម្ដេចមិនទៅធ្វើការជំនួស ឯកឧត្តម ហង់ ជួន ណារ៉ុន នោះទេ នៅក្នុងការអនុវត្តគោលនយោបាយតែប៉ុណ្ណោះ ប៉ុន្តែសម្ដេចមានសិទ្ធិក្នុងការណែនាំតម្រង់ទិស ដែលជាគោលនយោបាយរបស់ជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ខ្ញុំមានសិទ្ធិផ្តល់គោលគំនិត ម្សិលមិញខ្ញុំទៅក្រសួងឧស្សាហកម្ម ប្រាប់ថា គួរតែផ្តោតទិសដៅ គោលនយោបាយផ្សេងទៀតត្រូវអនុវត្ត ត្រូវតែផ្តោតទិសដៅទៅលើការជួយពង្រឹង SME ជាមួយនឹងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាហ្នឹងខ្ញុំដាក់ទិសដៅ តែរដ្ឋមន្ត្រីគឺជាសេនាធិការ ដែលដឹកនាំអនុវត្តការងារជំនាញ ខ្ញុំមិនទៅធ្វើការងារជំនួសគាត់ទេ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner