កម្ពុជាសិក្សាកសាង «ផ្លូវរថភ្លើងធុនស្រាល» នៅរាជធានី និងសៀមរាប (Video Inside)
ក្រុមជំនាញកំពុងធ្វើការសិក្សាបង្កើតគម្រោងសាងសង់ «ផ្លូវរថភ្លើងធុនស្រាល» ចំនួន២កន្លែង នៅកម្ពុជា ដើម្បីជួយសម្រួលការដឹកជញ្ជូន និងការជួយបញ្ចៀសការកកស្ទះចរាចរណ៍។
គម្រោងកសាង «ផ្លូវរថភ្លើងធុនស្រាល» ទាំង២កន្លែងនោះ គឺមួយកន្លែងនៅខេត្តសៀមរាប ក្នុងការតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប…និងមួយកន្លែងទៀត រវាងពីខេត្តកណ្តាល មករាជធានី គម្រោងផ្លូវរថភ្លើងធុនស្រាលនេះ នឹងតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោក្នុងក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ។
កិច្ចពិភាក្សាលើការសិក្សាគម្រោងទាំង២នេះ បានធ្វើឡើងកាលពីថ្ងៃទី២១កុម្ភៈ រវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា ជាមួយនឹងអគ្គនាយកក្រុមហ៊ុនចិន លោក លី ខ័រ នៃក្រុមហ៊ុន China Metro Group នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
មន្ដ្រីអ្នកនាំពាក្យក្រសួងសាធារណការបានថ្លែងថា ពាក់ព័ន្ធនឹងគម្រោងទាំងពីរនេះ គេនៅមិនទាន់ចេញលទ្ធផលជុំវិញការចំណាយថវិកា និងពេលវេលា ដែលនឹងត្រូវសាងសង់នោះនៅឡើយទេ។