ឯកឧត្តម សាយ សំអាល់៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គឺជាការរក្សាដំណើរឆ្ពោះទៅមុខរបស់កម្ពុជា

(ព្រះសីហនុ)៖ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គឺជាការរក្សាដំណើរឆ្ពោះទៅមុខរបស់កម្ពុជា ។

នេះជាការលើកឡើង ឯកឧត្តម សាយ សំអាល់ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បន្ថែមថា សុខសន្តិភាពពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឲ្យនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន ដូច្នេះត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីកម្ពុជាមានលទ្ធភាពកាន់តែខ្លាំង ក្នុងការដឹកនាំកម្ពុជាកាន់តែមានភាពសម្បូរសប្បាយរុងរឿង ប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ៣៖០០រសៀល ដែលបែងចែកជា៨ភូមិភាគ និង ៣៣ការិយាល័យបោះឆ្នោត ។

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner