មន្ត្រីសភាពាណិជ្ជកម្ម៖ ការនាំចេញផលិតផលមិនមែនជាការងាយស្រួលទេ
សៀមរាប៖ ការនាំចេញផលិតផលមិនមែនជាការងាយស្រួលទេ ទាមទារឱ្យមានការអភិវឌ្ឍគុណភាពផលិតនិងមានច្បាប់ លិខិតបទដ្ឋានគតិយុត្តនៃប្រទេសនាំចេញ ។នេះជាលើកឡើងរបស់ឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យក្នុងពិធីបើកសិក្ខាសាលាកម្មវិធីសន្ទនាស្តីពីការនាំចេញសម្រាប់សហគ្រាសធុនតូចនិងមធ្យម អនុលោមភាពលើវិញ្ញាបនបត្រស្តង់ដារគុណភាពអន្តរជាតិសម្រាប់ការនាំចេញ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាល័យអង្គរខេត្តសៀមរាប នាថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៤។
ឧកញ៉ាបន្តថា ដូចនេះក្រុមហ៊ុន សហគ្រាស សិប្បកម្ម ឬរោងចក្រនាំចេញ ត្រូវស្វែងយល់បន្ថែមទៀតពាក់ព័ន្ធនិងតម្រូវការឬការចង់បានរបស់ទីផ្សារគោលដៅនាំចេញ ដូចជា គុណភាព រសជាតិ បច្ចេកទេសផលិតស្តង់ដារ អនាម័យជាដើម ។
លោកបន្តថា សិក្ខាសាលានាពេលនេះមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្មផលិតដែលមានបំណងនាំចេញបានស្វែងយល់ពីខ្លឹមសារ និងអត្ថន័យដើម្បីឱ្យវិស័យនៃការនាំចេញរបស់ប្រទេសកម្ពុជាមានការរីកចម្រើនដូចប្រទេសដទៃទៀត។
សូមជម្រាបថា កន្លងមក សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំសិក្ខាសាលានិងបណ្តុះបណ្តាលដល់អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុនសហគ្រាសនិងសមាជិក សមាជិកានៃសភាពាណិជ្ជកម្មខេត្តបាន៦លើកមកហើយ។ដោយឡែកនៅថ្ងៃទី២៣ ខែកុម្ភៈ សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ក្រោមការគាំទ្រពីគម្រោង ARISE Plus Cambodia ជាលើកទី២និងជាលើកចុងក្រោយសម្រាប់ការបញ្ចប់គម្រោងនូវសិក្ខាសាលាកម្មវិធីកិច្ចសន្ទនាស្តីពីការនាំចេញសម្រាប់សហគ្រាសធុនតូចនិងមធ្យម អនុលោមភាពលើវិញ្ញាបនបត្រស្តង់ដារគុណភាពអន្តរជាតិសម្រាប់ការនាំចេញ ជូនដល់អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្មចំនួន៥០នាក់៕
ដោយៈស៊ាន សុផាត