ក្រសួងបរិស្ថាន និង អង្គការអភិរក្សអន្តរជាតិកម្ពុជា ប្រកាសដាក់ឱ្យដំណើរការ គម្រោង រេដបូក និងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និង អង្គការអភិរក្សអន្តរជាតិកម្ពុជា(CI)បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ គំនិតផ្តួចផ្តើមរួមគ្នាមួយនេះធ្វើឡើងគឺដើម្បីធានាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល និងធានាថាសហគមន៍មូលដ្ឋានគឺជាអ្នកពាក់ព័ន្ធ និងតួអង្គសំខាន់ ក្នុងការចូលរួមកិច្ចគាំពារ និងអភិរក្សរយៈពេលវែង ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ គឺ អនុលោមជាមួយនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន និងគោលដៅយុទ្ធសាស្ត្រទី៥ នៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលកំពុងប្រែក្លាយសង្គមកម្ពុជាទៅជាប្រទេសអព្យាក្រឹតកាបូន ដែលមានគម្របព្រៃឈើ ៦០ ភាគរយនៅឆ្នាំ២០៥០។ គម្រោងទាំងនេះ គឺ ចូលរួមបង្កើនគម្រប់ព្រៃឈើ ភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិនិងវប្បធម៌ និងធានានូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព”។

លោក អ៊ុ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា ” ការងាររបស់អង្គការអភិរក្សអន្តរជាតិនៅកម្ពុជាបានអនុវត្តការងារអភិរក្ស និងការពារធនធានធម្មជាតិនៅជួរតំបន់ភ្នំក្រវាញកណ្តាលអស់រយៈពេលជាងពីរទសវត្សរ៍ហើយ ខណៈពេលដែលយើងជួយ រាជរដ្ឋាភិបាលក្នុងការបង្កើតព្រៃការពារនេះ។ ដោយមានការវិនិយោគ ពីវិស័យសាធារណៈនិងឯកជន យើងបានទទួល ធនធាន ដើម្បីសម្រេចបាននូវសេចក្តីប៉ងប្រាថ្នារបស់យើង ក្នុងការអភិរក្សនិងការអភិវឌ្ឍរួមគ្នា ប្រកបដោយនិរន្តរភាពសម្រាប់មនុស្ស និងធម្មជាតិ នៅតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល ។

កម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាលបានទទួលនូវការប្តេជ្ញាចិត្ត ក្នុងការផ្តល់មូលនិធិរយៈពេល ១៥ឆ្នាំ ពីមូលនិធិកេរតំណែលតំបន់ទេសភាព(LLF) ដែល បង្កើតឡើងដោយក្រសួងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់អាល្លឺម៉ង់”។ ភារធារីស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានលើកឡើងពី “ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃតំបន់អភិរក្សត្រូវបានទទួលស្គាល់ថា ជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតក្នុងការ ការពារតំបន់ទេសភាព ជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃ។

លោកស្រី Stefanie Lang នាយកប្រតិបត្តិនៃមូលនិធិកេរតំណែលតំបន់ទេសភាព(LLF) បាន ស្វាគមន៍ ក្រុមហ៊ុនProcter & Gamble ក្នុងនាមជាក្រុមហ៊ុនឯកជនដំបូងគេ ក្នុងការខិតខំប្រឹងប្រែង អភិរក្សជីវៈចម្រុះដ៏មានតម្លៃនៅក្នុងប្រទេសកំពុងអភិវឌ្ឍ តាមរយៈភាពជាដៃគូសាធារណៈ និងឯកជន ។ សម្រាប់រយៈពេលប្រាំឆ្នាំដំបូង កម្មវិធីនេះ នឹងត្រូវបានសហការផ្តល់មូលនិធិពីក្រុមហ៊ុន Procter & Gamble Co.។

លោកស្រី Ashley Kuhn នាយកជាន់ខ្ពស់ផ្នែកធម្មជាតិនិងជីវៈចម្រុះ នៃក្រុមហ៊ុន Procter & Gamble Co. បានមានប្រសាសន៍ថា ក្រុមហ៊ុន Procter & Gamble មានមោទនភាពក្នុងការគាំទ្រការអភិរក្សដែលរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ជួយឱ្យជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានកាន់តែប្រសើរឡើង និងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ”។

សូមបញ្ជាក់ថា អង្គការអភិរក្សអន្តរជាតិ បានចាប់ដៃគូ ជាមួយ USAID- មរតកបៃតង ផងដែរ ក្នុងការគាំទ្រការអនុវត្តគម្រោងរេដបូក ជួរភ្នំក្រវាញកណ្តាល ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner