សិក្ខាកាម ៧៤នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ជាមូលដ្ឋាន នៃការអភិវឌ្ឍបណ្តាញយុវជនកាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ សិក្ខាកាមជាទីប្រឹក្សា ប្រធាន-អនុប្រធានក្លឹបយុវជន មកពីគ្រឹះស្ថាន ឧត្តមសិក្សាទាំង២៤ ក្នុងរាជធានីភ្នំពេញ និងមន្ត្រីខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរុបចំនួន ៧៤នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ជាមូលដ្ឋាន នៃការអភិវឌ្ឍបណ្តាញយុវជនកាកបាទក្រហមកម្ពុជា ប្រកបដោយជោគជ័យ ។

វគ្គបណ្តុះបណ្តាលនេះ បានបែងចែកជា ៣ក្រុម ទៅតាមកម្មវិធី និងផ្នែកធំៗ ចំនួន៣ ដូចៗគ្នា ព្រមទាំងមានក្រុមគាំទ្របច្ចេកទេស ២នាក់ អ្នកសម្របសម្រួល ៦នាក់ និងសិក្ខាកាមជាទីប្រឹក្សា ប្រធាន និងអនុប្រធានក្លឹបយុវជន ដោយក្រុមទី១ មានសិក្ខាកាម ៣១នាក់ មកពី ១០គ្រឹះស្ថានសិក្សា និងមន្ត្រីខុទ្ធកាល័យ៤នាក់, ក្រុមទី២ មានសិក្ខាកាម ២៥នាក់ មកពី ៨គ្រឹះស្ថានសិក្សា, និងក្រុមទី៣ មានសិក្ខាកាម ១៨នាក់ មកពី ៦គ្រឹះស្ថានសិក្សា ។

នេះបើតាមរបាយការណ៍ បូកសរុបលទ្ធផលរបស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ជាមូលដ្ឋាននៃការអភិវឌ្ឍបណ្តាញយុវជនកាកបាទក្រហមកម្ពុជា នារសៀលទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បន្ទាប់ពីបានដំណើរការអស់រយៈពេល ៣ថ្ងៃកន្លងមក ។

ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន អ្នកសម្របសម្រួលវគ្គ ជាពិសេសសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងវគ្គបណ្តុះបណ្តាលបានយ៉ាងពេញលេញ ដែលនេះពិតជាបានឆ្លុះបញ្ចាំងពីការចូលរួមឧបត្ថម្ភគាំទ្រទាំងគំនិតប្រាជ្ញា ស្មារតី និងធនធានរបស់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ដើម្បីឈានទៅសម្រេចបាននូវអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ នាពេលកន្លងទៅ ។

ឯកឧត្តម ពិត ចំណាន បានផ្តល់នូវអនុសាសន៍មួយចំនួនដើម្បីជាជំហានសម្រាប់អនុវត្តបន្តដល់ការអភិវឌ្ឍបណ្តាញយុវជនកាកបាទក្រហមកម្ពុជា តាមគ្រឹះស្ថានសិក្សា ដូចខាងក្រោម ៖

ទី១- អនុវត្តផែនការអប្បបរមាដែលបានឯកភាពតាមគ្រឹះស្ថានសិក្សានីមួយៗ និងបន្តពង្រឹង ពង្រីក កសាង សមត្ថភាពជូនយុវជនកាកបាទក្រហមកម្ពុជា ឱ្យដើរតួនាទីជាប្រតិបត្តិករមនុស្សធម៌ ជាមិត្តអប់រំមិត្ត មិត្តជួយមិត្ត ក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍របស់ខ្លួន ។

ទី២- ជ្រើសរើសសមាជិកយុវជនថ្មី ក្នុងចំណោមនិស្សិត ដែលផ្តល់អាទិភាពនិស្សិតឆ្នាំទី១ ស្របតាមផែនការ និងផ្តល់ជូនវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ដោយមានការសហការ ឬជួយគាំទ្រលើផ្នែកបណ្តុះបណ្តាលពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ទី៣- បន្តការអភិវឌ្ឍជំនាញជូនយុវជន និងលើកទឹកចិត្តយុវជនក្នុងការសម្រេចចិត្ត ការបណ្តុះផ្នត់គំនិត និងវិធីសាស្ត្រថ្មីៗ ជាពិសេសជំរុញយុវជនឱ្យមានចំណេះដឹងខ្ពស់លើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដែលបានដាក់ចេញ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner