ហ្ស៊ីមបាវ៉េទទួលគ្រាប់ធញ្ញជាតិពីរុស្ស៊ី ខណៈក្រុងមូស្គូប្រយុទ្ធនឹងភាពឯកោផ្នែកការទូត
ហារ៉ារ៉េ៖ ក្រសួងកសិកម្មរបស់ប្រទេសហ្ស៊ីមបាវ៉េ កាលពីថ្ងៃសុក្រ បានត្រួតពិនិត្យគ្រាប់ធញ្ញជាតិដំបូង ដែលរុស្ស៊ីបញ្ជូនមក ជាផ្នែកមួយនៃការប្រយុទ្ធរបស់ទីក្រុងម៉ូស្គូ ប្រឆាំងនឹងភាពឯកោផ្នែកការទូត បន្ទាប់ពីការលុកលុយលើអ៊ុយក្រែន។
កាលពីឆ្នាំមុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចផ្តល់គ្រាប់ធញ្ញជាតិ ដោយឥតគិតថ្លៃ ដល់ប្រទេសអាហ្វ្រិកចំនួន៦ ពោលគឺនៅប៉ុន្មានថ្ងៃ បន្ទាប់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀង ទាក់ទិននឹងគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដែលត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់សមុទ្រខ្មៅ ដើម្បីឈានដល់ទីផ្សារពិភពលោក។
ក្រៅពីប្រទេសហ្ស៊ីមបាវ៉េ ក៏មានប្រទេសម៉ាលី សូម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្តាល អេរីទ្រា និងបួគី ណាហ្វាសូ ផងដែរ។
លោក វ៉ាន់ហ្គេលីស ហារីតាតូស (Vangelis Haritatos) អនុរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ហ្ស៊ីមបាវ៉េ បាននិយាយថា ការនាំចូលបានចាប់ផ្តើម ហើយកំពុងបន្តឈានដល់ ២៥០០០ តោន ដែលភាគីរុស្ស៊ីធ្លាប់បានសន្យាផ្តល់ឲ្យ។
ក្នុងអំឡុងពេលត្រួតពិនិត្យ រដ្ឋមន្ត្រីរូបនេះបាននិយាយថា លោកប្រធានាធិបតីនឹងសម្រេចចិត្តថា ត្រូវធ្វើអ្វីខ្លះ ជាមួយគ្រាប់ធញ្ញជាតិទាំងនេះ ប៉ុន្តែ ស្រូវសាលី គឺពិតជាអាចផ្តល់ឱ្យគ្រួសារដែលងាយរងគ្រោះ។ ប្រទេសស្ថិតនៅប្លុកអាហ្វ្រិកខាងត្បូងមួយនេះ កំពុងប្រឈមមុខនឹងភាពក្រីក្រ រីករាលដាល និងភាពអត់ការងារធ្វើខ្ពស់ និងមានអត្រាអតិផរណាខ្ពស់បំផុតមួយរបស់ពិភពលោក។
លោក អនុរដ្ឋមន្ត្រី បានឲ្យដឹងដែរថា ស៊ីមបាវ៉េ ក៏បាននិងកំពុងទទួលជី សរុបចំនួន ២៣.០០០ តោនផងដែរ ដោយប្រមាណ១០០០តោន មកដល់ហើយ។
ការផ្តល់ជូនជាបន្តបន្ទាប់បែបនេះត្រូវបានគិតថា ជាការសាកល្បងនៃការគាំទ្ររបស់លោកពូទីន នៅក្នុងអាហ្វ្រិក បន្ទាប់ពីធ្វើសង្គ្រាម ជាមួយអ៊ុយក្រែន។ ដោយឯកោយ៉ាងធំនៅលើឆាកពិភពលោក រុស្ស៊ីបានស្វែងរកការពង្រឹងទំនាក់ទំនងការទូត និងសន្តិសុខ ជាមួយប្រទេសទាំងក្នុងប្លុកមួយនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត