អភិបាលរងខេត្ត៖ បង្ក្រាបការលេងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរក្សាបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាពសង្គម

(កំពង់ធំ)៖ ឯកឧត្តម ងួន រាសី អភិបាលរងខេត្ត បានណែនាំដល់អភិបាលក្រុង/ស្រុកទាំង៩ កងកម្លាំងមានសមត្ថកិច្ច ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ សហការគ្នាបញ្ឈប់ឲ្យខានតែបាន នូវល្បែងស៊ីសងគ្រប់ប្រភេទ ឆ្នោតឡូតូ ល្បែងផ្សងសំណាង និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវចាត់វិធានការចាប់ និងបិទឱ្យអស់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំទាំងមូល។

ឯកឧត្តមរងអភិបាលខេត្ត បានណែនាំបែបនេះ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការបញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងបង្រ្កាបរាល់ល្បែងស៊ីសងខុសច្បាប់ និងគ្មានការអនុញ្ញាតិគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្ត។

ឯកឧត្តមរងអភិបាលខេត្ត លើកឡើងថា ការងារនេះ គឺដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ស្រប តាមគោលការណ៍នីតិរដ្ឋ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ធានាបានសុខសន្តិភាព ការអភិវឌ្ឍ និងបានចូលរួមលើកកម្ពស់ជីវភាពប្រជាពល រដ្ឋឲ្យមានការរីកចម្រើន ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឲ្យប្រជាពលរដ្ឋ មានជំនឿទុកចិត្តមក លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។

ទន្ទឹមនឹងនោះឯកឧត្តមអភិបាលរងខេត្ត ក៍បានជំរុញដល់ អភិបាលក្រុង/ស្រុក អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចគ្រប់ពាក់ព័ន្ឋសហការតាមដាន បង្ក្រាបការលេងល្បែងស៊ីសងគ្រប់ប្រភេទ ដាច់ខាតត្រូវតែបង្ក្រាប ឲ្យអស់ពីមូលដ្ឋាន បូករួមទាំងការជួញដូរមនុស្ស ការសម្អាតលុយកខ្វក់ និងបទល្មើសគ្រឿងញៀន ដែលកើតមាន ត្រូវបង្ក្រាបឲ្យគ្រប់ជ្រុងជ្រោយ ៕

ដោយ.ប៊ុន រដ្ឋា

ads banner