ហាម៉ាស់ថា ផែនការគ្រប់គ្រងហ្គាហ្សា របស់អ៊ីស្រាអែលនឹងមិនជោគជ័យ
ហ្គាហ្សា៖ ក្រុមហាម៉ាស់និយាយ កាលពីថ្ងៃសុក្រថា ផែនការ «កាន់កាប់ហ្គាហ្សាក្រោយសង្គ្រាម» របស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu នឹងមិនជោគជ័យឡើយ។
ក្នុងអំឡុងសន្និសីទសារព័ត៌មាន នៅឯរដ្ឋធានីនៃប្រទេសលីបង់ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់បានរិះគន់ផែនការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu សម្រាប់តំបន់ហ្គាហ្សា នៅក្រោយសង្គ្រាម ។
លោក Osama Hamdan បានប្រាប់អ្នកយកព័ត៌មានថា «សម្រាប់តំបន់ Gaza Strip លោក Netanyahu ដឹងយ៉ាងច្បាស់ថា នឹងមិនជោគជ័យទេ ពេលវេលានឹងបង្ហាញឲ្យដឹង» ។
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានដាក់ចេញផែនការសម្រាប់ Gaza ក្រោយសង្គ្រាម ដែលក្នុងនោះ កងទ័ពរបស់លោកនឹងមានសេរីភាពដោយមិនកំណត់ ដើម្បីធ្វើប្រតិបត្តិការទូទាំង Gaza Strip នៅពេលដែលក្រុម Hamas ត្រូវបានចាញ់នោះ។
ជុំវិញរឿងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃសុក្រ បានអះអាងជាថ្មីថា អាមេរិកជំទាស់នឹងផែនការនេះ ក៏ដូចជា ការកាត់បន្ថយទំហំទឹកដីប៉ាឡេស្ទីន។
ជាការកត់សម្គាល់ ប្រជាជនប៉ាឡេស្ទីនបានត្អូញត្អែរពីការដាក់កំហិត របស់អ៊ីស្រាអែលកាន់តែអាក្រក់ នៅក្នុងតំបន់ West Bank ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាម នៅតំបន់ហ្គាហ្សាស្ទ្រីប រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត