អង្គការណាតូគ្រោងផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំ
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ ក្នុងថ្ងៃព្រហស្បតិ៍ បានបង្ហាញការគាំទ្រខ្លាំងដល់នាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte ឱ្យក្លាយជាអគ្គលេខាធិការអង្គការណាតូបន្ទាប់ នៅក្នុងពេលវេលាមួយដ៏សំខាន់ ដែលបក្សសម្ព័ន្ធយោធានេះ កំពុងប្រឈមមុខនឹងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby និយាយថា សហរដ្ឋអាមេរិកជឿជាក់ថា លោក Rutte នឹងក្លាយជាអគ្គលេខាធិការដ៏ល្អរបស់អង្គការណាតូ។ រីឯអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសក៏បានបញ្ជាក់ដែរថា អង់គ្លេសគាំទ្រពេញទំហឹងលើលោក Rutte ពីព្រោះអង់គ្លេសចង់បានបេក្ខភាពដែលអាចថែរក្សាណាតូឱ្យរឹងមាំ។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ក៏បានអះអាងដែរថា អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ក៏គាំទ្រលោក Rutte ដែរ។ ហើយបើតាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ ជាមួយនឹងបទពិសោធន៍ដ៏ធំធេងរបស់លោក Rutte, ជំនាញដ៏អស្ចារ្យរបស់គាត់ ក្នុងផ្នែកនយោបាយសន្តិសុខ និងជំនាញការទូតដ៏រឹងមាំរបស់គាត់ ដូច្នេះគាត់គឺជាបេក្ខជនឆ្នើម។
ទោះបីជាលោក Rutte វ័យ ៥៧ឆ្នាំ ទទួលបានការគាំទ្រខ្លាំងពីសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ និងបារាំងក៏ដោយ ក៏នៅមានបេក្ខជនលេចធ្លោផ្សេងទៀត ដែលនឹងមកប្រជែងតំណែងប្រមុខណាតូផងដែរ ក្នុងនោះរួមមាននាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី Kaja Kallas និងរដ្ឋមន្ត្រីការបរទេសឡាតវី លោក Krisjanis Karins។
សម្រាប់អ្នកស្នងតំណែងរបស់លោក Stoltenberg ដែលជាអតីតនាយករដ្ឋមន្ត្រីន័រវេស ដែលបានដឹកនាំអង្គការណាតូអស់រយៈពេលមួយទសវត្សរ៍មកនេះ ត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសជាផ្លូវការ នៅមុនកិច្ចប្រជុំកំពូលអង្គការណាតូ នាខែកក្កដាខាងមុខ នៅរដ្ឋធានីវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា