IMF ផ្តល់ថវិកា ៨៨០លានដុល្លារដល់អ៊ុយក្រែន

គៀវ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងថ្ងៃព្រហស្បតិ៍ និយាយថា ខ្លួននឹងផ្តល់ប្រាក់ចំនួន ៨៨០លានដុល្លារដល់អ៊ុយក្រែន នៅក្នុងដំណាក់កាលទីបី នៃកញ្ចប់ប្រាក់កម្ចីចំនួន ១៥.៦ពាន់លានដុល្លារ ដែលត្រូវបានអនុម័តកាលពីឆ្នាំមុន ស្របពេលដែលទីក្រុងគៀវកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ប្រធានបេសកកម្មរបស់ IMF ប្រចាំប្រទេសអ៊ុយក្រែន លោក Gavin Gray ដែលបានជួបជាមួយមន្ត្រីអ៊ុយក្រែននៅទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ នាពេលថ្មីៗនេះ បាននិយាយថា ពីរឆ្នាំបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ការធ្លាក់ចុះនៃធនធានមនុស្ស និងសេដ្ឋកិច្ចដោយសារសង្រ្គាមនៅតែបន្តកើនឡើង។ ប៉ុន្តែការអនុវត្តក្រោមកម្មវិធីកញ្ចប់ប្រាក់កម្ចីនេះ នៅតែមានភាពរឹងមាំ ទោះបីជាមានបញ្ហាប្រឈមបង្កឡើងពីសង្គ្រាមក៏ដោយ។

សូមរម្លឹកថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលអ៊ុយក្រែន លើកញ្ចប់ប្រាក់កម្ចីដែលមានទំហំប្រមាណ ១៥,៦ពាន់លានដុល្លារដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន ដែលកំពុងជាប់ផុងក្នុងសង្រ្គាម។

ចាប់តាំងពីសង្រ្គាមផ្ទុះឡើង សេដ្ឋកិច្ចអ៊ុយក្រែនបានធ្លាប់ចុះជាខ្លាំង ជាមួយនឹងការជាប់គាំងការនាំចេញគ្រាប់ធញ្ញជាតិ ដែលជាផលិតផលនាំចេញដ៏សំខាន់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ IMF ផែនការផ្ដល់ជំនួយរយៈពេល ៤ឆ្នាំដែលអនុម័តពីក្រុមប្រឹក្សា IMF នេះ នឹងគាំទ្រដល់ការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ចអ៊ុយក្រែន ខណៈគាំទ្ររយៈពេលវែងក្នុងបរិបទនៃការកសាងប្រទេសឡើងវិញក្រោយសង្គ្រាម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner