អង់គ្លេសបំបែកកំណត់ត្រារឹបអូសគ្រឿងញៀនច្រើនបំផុតមិនធ្លាប់មាន

ឡុងដ៍៖ ប៉ូលីសអង់គ្លេស ក្នុងថ្ងៃសុក្រនេះ និយាយថា ពួកគេបានធ្វើនូវអ្វីដែលពួកគេជឿជាក់ថា ជាការរឹបអូសគ្រឿងញៀនដ៏ធំបំផុតមិនធ្លាប់មាន និងបំបែកកំណត់ត្រាពីមុន។

ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិអង់គ្លេស ហៅកាត់ថា NCA បញ្ជាក់ថា គ្រឿងញៀនកូកាអ៊ីនមានទម្ងន់ប្រហែល ៥.៧តោន បានរកឃើញនៅក្នុងរថយន្តកុងតឺន័រនៅឯកំពង់ផែ Southampton ក្បែរឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអង់គ្លេស កាលពីថ្ងៃទី០៨ ខែកុម្ភៈ។

ទីភ្នាក់ងារ NCA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កូកាអ៊ីនដែលត្រូវបានគេរកឃើញទាំងនេះ ក្រុមរត់ពន្ធបានលួចលាក់បង្កប់នៅក្នុងកេសផ្លែចេក ដែលត្រូវបានដឹកជញ្ជូនមកពីតំបន់អាមេរិកខាងត្បូង។ ក្រុមមន្រ្តីជឿថា គ្រឿងញៀនទាំងនោះ គ្រោងនឹងដឹកជញ្ជូនឆ្ពោះទៅកាន់ទីក្រុង Hamburg របស់ប្រទេសអាល្លឺម៉ង់ ដើម្បីចែកចាយបន្ត។

ជាមួយគ្នានេះ ទីភ្នាក់ងារ NCA បានវាយតម្លៃថា កូកាអ៊ីនទាំងអស់ ប្រហែលជាមានតម្លៃ ៤៥០លានផោន ឬប្រហែល ៥៦៨លានដុល្លារ នេះបើយោងតាមការប៉ាន់ស្មានតម្លៃនៅក្នុងចក្រភពអង់គ្លេស។

នាយកទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិអង់គ្លេស (NCA) លោក Chris Farrimond និយាយថា ការរឹបអូសគ្រឿងញៀនដែលបានបំបែកកំណត់ត្រានេះ នឹងបង្កការខាតបង់ធ្ងន់ធ្ងរដល់ក្រុមឧក្រិដ្ឋកម្មអន្តរជាតិ ព្រោះវាជាប្រភពប្រាក់ចំណូលដ៏សំខាន់ពួកគេ។

កន្លងមក ការរឹបអូសគ្រឿងញៀនដ៏ធំបំផុតនៅចក្រភពអង់គ្លេស គឺមានចំនួនត្រឹមតែ ៣.៧តោនប៉ុណ្ណោះ នៃគ្រឿងញៀនកូកាអ៊ីន ដែលត្រូវបានរកឃើញនៅកំពង់ផែ Southampton ក្នុងឆ្នាំ២០២២។ យោងតាមការប៉ាន់ប្រមាណរបស់ទីភ្នាក់ងារ NCA ក្រុមឧក្រិដ្ឋជនអាចរកប្រាក់បានប្រហែល ៤ពាន់លានផោនក្នុងមួយឆ្នាំ ពីទីផ្សារគ្រឿងញៀនកូកាអ៊ីនខុសច្បាប់នៅក្នុងចក្រភពអង់គ្លេស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner