គម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចរបស់លោកស្រី ស៊ឹង សុខអាង ស្ថិតនៅចំណុចជើងភ្នំ១៥០០ ត្រូវបានផ្អាកការសាងសង់ជាបណ្តោះអាសន្ន

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើករណីភាពមិនប្រក្រតីនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចរបស់លោកស្រី ស៊ឹង សុខអាង ដែលស្ថិតនៅចំណុចជើងភ្នំ១៥០០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

កិច្ចប្រជុំអន្តរក្រសួងនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍, លោកអភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់, គណៈប្រតិភូនៃក្រសួងអធិការកិច្ច និងមន្ត្រីពាក់ព័ន្ធ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ ទីស្តីការក្រសួងអធិការកិច្ច។

ការរៀបចំកិច្ចប្រជុំអន្តរក្រសួងនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងអធិការកិច្ច ទទួលបទបញ្ជាផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី និងទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ និង សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានចាត់ក្រសួងអធិការកិច្ច ដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ និងអង្កេតស្រាវជ្រាវជុំវិញភាពមិនប្រក្រតីនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចរបស់លោកស្រី ស៊ឹង សុខអាង ស្ថិតនៅទីតាំងខាងលើ ដោយសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលខេត្តពោធិសាត់ ។ 

សូមបញ្ជាក់ជូនដែរថា កន្លងមក លោកស្រី ស៊ឹង សុខអាង បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន ធ្វើការវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចមិនលើសពី ១០ហិកតា នៅចំណុចជើងភ្នំ១៥០០ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២២។ ក្នុងការអនុវត្តគម្រោងនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានពិនិត្យឃើញមានភាពមិនប្រក្រតីមួយចំនួន និងបានចាត់ក្រុមការងារចុះពិនិត្យទីតាំងជាក់ស្តែង ព្រមទាំងបានរាយការណ៍ជូនក្រសួងបរិស្ថានផងដែរ។ បច្ចុប្បន្ននេះ គម្រោងខាងលើត្រូវបានផ្អាកការសាងសង់ជាបណ្តោះអាសន្ន នៅរង់ចាំចំណាត់ការបន្ត ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner