សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិ កាលទី៥ នៅការិយាល័យបោះឆ្នោត ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុនសែន ខេត្តកណ្តាល

(កណ្តាល)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅការិយាល័យបោះឆ្នោត ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុនសែន ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៤ ក្នុងនោះក៏មានវត្តមានសម្ដេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅការិយាល័យជាមួយសម្ដេចតេជោ ផងដែរ ។

បើតាមលោកស្រី ព្រោន រិទ្ធាវី ប្រធានការិយាល័យមជ្ឈមណ្ឌលគរុកោសល្យភូមិហ៊ុនសែន ខេត្តកណ្ដាល ដែលមានលេខកូដ៣០០១ ភូមិភាគ៣ បានឱ្យដឹងថា ការិយាល័យ៣០០១ មានអ្នកមានឈ្មោះបោះឆ្នោតសរុប ៤៨៣នាក់ ក្នុងនោះមានស្រី ១០១នាក់ ។ ចំពោះមន្ត្រីដែលមន្ត្រីបម្រើការក្នុងការិយាល័យ ៣០០១ មានចំនួនសរុប ៦នាក់ ។ ដោយឡែកនៅការិយាល័យនេះ មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិផងដែរ ។

ទាក់ទងនឹងការការពារសន្តិសុខនៅក្នុងការិយាល័យមជ្ឈមណ្ឌលគរុកោសល្យភូមិហ៊ុនសែន ខេត្តកណ្ដាល ដែលមានលេខកូដ៣០០១ ភូមិភាគ៣ ត្រូវបានលោកស្រី ព្រោន រិទ្ធាវី ប្រធានការិយាល័យ បញ្ជាក់ថា មានសភាពការណ៍ល្អប្រសើរ ដោយក្នុងនោះភ្នាក់ងារការពារសន្តិសុខមានដូចជា កម្លាំងនគរបាល កងរាជអាវុធអាហត្ថ សមត្ថកិច្ចពាក់ព័ន្ធ បានស្ថិតចំងាយ១៥០មែត្រ ពីការិយាល័យបោះឆ្នោត ខណៈដែលការការពារនៅខាងក្រៅការិយាល័យ ក៏រក្សាបានសណ្ដាប់ធ្នាប់ល្អផងដែរ ។

យោងតាមបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខេត្តកណ្តាល មានការិយាល័យបោះឆ្នោតចំនួន ២ និងមានអ្នកបោះឆ្នោត និងអង្គបោះឆ្នោតចំនួន ៩២៦រូប ក្នុងនោះដែរ នៅភូមិភាគទី៣ ខេត្តកណ្ដាល មាន ៥ អាសនៈ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner