ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកដំណើរការ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
ភ្នំពេញ៖ គ.ជ.ប បានឱ្យដឹងថា ការិយាល័យបោះឆ្នោតទាំង ៣៣ការិយាល័យ នៅតាមរាជធានី ខេត្តចំណុះឱ្យភូមិភាគទាំង៨ បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងបរិយាកាស មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។
គ.ជ.ប បានបន្តថា អ្នកបោះឆ្នោត ដែលជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង មានសិទ្ធិបោះឆ្នោតនៅការិយាល័យបោះឆ្នោតដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ នៃការិយាល័យបោះឆ្នោតនោះ ដោយត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែល មានសុពលភាព ឬលិខិតសម្គាល់ខ្លួនជាតំណាងរាស្ត្រក្នុងតំណែង ឬសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែង។
ប្រភពដដែលបានបញ្ជាក់ថា ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ៣:០០ រសៀលថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតែមានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬស្ថិតនៅក្នុងបរិវេណខាងក្នុងការិយាល័យបោះឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។ ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត អាចប្រកាសបិទបញ្ចប់ការបោះឆ្នោតនៅការិយាល័យរបស់ខ្លួន នៅមុនម៉ោង ៣:០០ រសៀលបាន ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃ ការិយាល័យបោះឆ្នោតនោះ បានបោះឆ្នោតគ្រប់គ្នាអស់ហើយ។
ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ អ្នកបោះឆ្នោត មានចំនួនសរុប ១១៧៤៧ នាក់ ក្នុងនោះតំណាងរាស្ត្រក្នុង តំណែង មានចំនួន ១២៥ នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង មានចំនួន ១១៦២២ នាក់៕