សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅការិយាល័យ ១០០១ មណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រួចរាល់ហើយ នៅការិយាល័យ ១០០១ នៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ នៃមណ្ឌលបោះឆ្នោតភូមិភាគទី១ រាជធានីភ្នំពេញ។

នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិនេះ មានការិយាល័យបោះឆ្នោត ចំនួន២ រួមមាន ការិយាល័យលេខ១០០១ និងការិយាល័យលេខ១០០២។ អង្គបោះឆ្នោតដែលមានក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅមណ្ឌលនេះ សរុបប្រមាណជាង៩០០នាក់។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៉ិនប៉ិច, គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។

សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកព្រឹទ្ធសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប ។

មណ្ឌលបោះឆ្នោតត្រូវបានរៀបចំ និងបែងចែកជា ៨ភូមិភាគ ហើយអាសនៈត្រូវបែងចែកតាមភូមិភាគ ដូចខាងក្រោម៖

ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦ អាសនៈ, ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨ អាសនៈ, ភូមិភាគទី៣ ខេត្តកណ្ដាល មាន៥ អាសនៈ, ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០ អាសនៈ, ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧ អាសនៈ, ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧ អាសនៈ, ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩ អាសនៈ និងភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner