G7 សន្យាដាក់បន្ថែមទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី
រូម៖ ក្រុមប្រទេស G7 បានសន្យាបន្តគាំទ្រអ៊ុយក្រែន និងដាក់បន្ថែមទណ្ឌកម្មថ្មីទៀតលើរុស្ស៊ី បន្ទាប់ពីកិច្ចប្រជុំតាមអនឡាញ នៅថ្ងៃសៅរ៍ ចំពេលខួប២ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំដែលមានប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចូលរួមផងដែរនោះ មេដឹកនាំ G7 បានប្តេជ្ញាថា នឹងបង្កើនការចំណាយក្នុងសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។ ជាមួយគ្នានេះ ក្រុមមេដឹកនាំ G7 មិនបានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ អំពីការផ្តល់ជំនួយយោធាបន្ថែមដល់អ៊ុយក្រែនទេ ប៉ុន្តែបានជំរុញឱ្យអនុម័តការគាំទ្របន្ថែម ដើម្បីបិទគម្លាតថវិកាដែលនៅសល់របស់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៤។
ក្រុមមេដឹកនាំ G7 បានគូសបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងបន្តបង្កើនការចំណាយនៅក្នុងសង្គ្រាមរបស់រុស្ស៊ី ដើម្បីបិទខ្ទប់ប្រភពចំណូលរបស់រុស្ស៊ី និងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងមូស្គូ ក្នុងការកសាងម៉ាស៊ីនសង្គ្រាមប្រឆាំងអ៊ុយក្រែនរបស់ពួកគេ។
បន្ថែមលើនេះ ក្រុមមេដឹកនាំ G7 បានអំពាវនាវឱ្យអ៊ីរ៉ង់ឈប់ជួយដល់យោធារុស្ស៊ី ហើយបានសម្តែងការព្រួយបារម្ភ ជុំវិញការផ្ទេរគ្រឿងបន្លាស់សព្វាវុធ គ្រឿងបរិក្ខាយោធា និងសម្ភារៈអាចប្រើប្រាស់ពីរដង ដោយក្រុមហ៊ុនចិនទៅកាន់រុស្ស៊ី។ ជាចុងក្រោយ មេដឹកនាំ G7 ក៏បានទាមទារឱ្យរុស្ស៊ី បញ្ជាក់ឱ្យបានច្បាស់លាស់ ជុំវិញការស្លាប់របស់មេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny នៅក្នុងពន្ធធនាគារផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា