គណៈប្រតិភូអ៊ីស្រាអែលនឹងទៅកាតា ចរចារឿងដោះលែងចំណាប់ខ្មាំង
ហ៊្សេរុយសាឡឹម៖ គណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែល នៅថ្ងៃសៅរ៍ បានអនុម័តបញ្ជូនអ្នកចរចាទៅកាន់ប្រទេសកាតា ដើម្បីបន្តកិច្ចចរចាលើបទឈប់បាញ់ក្នុងសង្គ្រាមប្រឆាំងក្រុមហាម៉ាស់ និងការដោះលែងចំណាប់ខ្មាំងដែលកំពុងជាប់ឃុំខ្លួននៅតំបន់ហ្គាហ្សា។
កិច្ចពិភាក្សាជុំវិញសង្គ្រាមនៅហ្គាហ្សា បានចាប់ផ្តើមនៅទីក្រុងប៉ារីស ជាទីដែលប្រធានចារកម្មក្រៅប្រទេសរបស់អ៊ីស្រាអែល Mossad និងសេវាសន្តិសុខក្នុងស្រុករបស់អ៊ីស្រាអែល Shin Bet បានជួបជាមួយអ្នកសម្រុះសម្រួលមកពីសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា។
ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Tzachi Hanegbi បាននិយាយនៅក្នុងបទសម្ភាសតាមទូរទស្សន៍មួយនាល្ងាចថ្ងៃទី២៤ ខែកុម្ភៈថា គណៈប្រតិភូអ៊ីស្រាអែលបានត្រលប់មកពីទីក្រុងប៉ារីសវិញហើយ ហើយមានឱកាសខ្លះដែលអាចឆ្ពោះទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់។ លោកបន្ថែមថា ក្រុមមន្រ្តីចរចាបានស្នើទៅកាន់គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ឱ្យពន្លឿនលទ្ធផលនៃកិច្ចប្រជុំកំពូលទីក្រុងប៉ារីសខាងលើនេះ។
ជាការឆ្លើយតប គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល នៅថ្ងៃសៅរ៍នេះ បានយល់ព្រមបញ្ជូនគណៈប្រតិភូអ៊ីស្រាអែលទៅកាន់ប្រទេសកាតានៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបន្តការចរចាលើបទឈប់បាញ់រយៈពេលមួយសប្តាហ៍ ពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនដែលឃុំខ្លួននៅអ៊ីស្រាអែល។
គួរបញ្ជាក់ថា សម្ពាធបានកើនឡើងជាលំដាប់លើរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងការទាមទារឱ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដោយក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នារាប់ពាន់នាក់នៅទីក្រុង Tel Aviv នៅថ្ងៃទី២៤ ខែកុម្ភៈ ដើម្បីទាមទារឱ្យមានសកម្មភាពលឿនជាងមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា