កាណាដាត្រៀមបញ្ចេញថវិកា ២.២ពាន់លានដុល្លារ ជួយអ៊ុយក្រែនសម្រាប់ឆ្នាំ ២០២៤

អូតាវ៉ា៖ ប្រទេសកាណាដា នៅថ្ងៃសៅរ៍ ប្រកាសថា ខ្លួននឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាមានទឹកប្រាក់ទំហំ ៣.០២ពាន់លានដុល្លារកាណាដា ឬប្រហែល ២.២ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែននៅឆ្នាំ២០២៤នេះ ខណៈប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ។

ការិយាល័យរបស់នាយករដ្ឋមន្រ្តីកាណាដា បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិសុខរយៈពេល ១០ឆ្នាំរវាងកាណាដា និងអ៊ុយក្រែន បានគូសបញ្ជាក់អំពីសារៈសំខាន់ និង ការប្តេជ្ញាចិត្តផ្នែកសន្តិសុខរយៈពេលវែងរបស់កាណាដា ដើម្បីបន្តគាំទ្រអ៊ុយក្រែន ខណៈដែលទីក្រុងគៀវការពារអធិបតេយ្យភាព និងបូរណភាពទឹកដី, ការពារប្រជាជនរបស់ខ្លួន និងកសាងសេដ្ឋកិច្ចឡើងវិញសម្រាប់អនាគត។

នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងគៀវ ក្នុងខួប២ឆ្នាំនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា យើងនឹងបន្តគាំទ្រអ៊ុយក្រែន ព្រមជាមួយនូវអ្វីដែលជាតម្រូវការចាំបាច់ ដរាបណាពួកគេនៅតែត្រូវការវា។

ក្រៅពីកាណាដា លោក ហ្សេលេនស្គី ក៏បានអះអាងដែរថា អ៊ុយក្រែនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយអ៊ីតាលីផងដែរ បន្ទាប់ពីទើបចុះកិច្ចព្រមព្រៀងស្រដៀងគ្នានេះ ជាមួយអង់គ្លេស បារាំង អាល្លឺម៉ង់ និងដាណឺម៉ាកក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ឯកសារនេះ ក៏រួមបញ្ចូលទាំងការសន្យាផ្តល់មូលនិធិ និងការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកនយោបាយ យោធា សន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌ ប៉ុន្តែមិនមែនជាកតិកាសញ្ញាការពារជាតិ ឬការប្រើប្រាស់យោធាការពារភាគីហត្ថលេខីនោះទេ។

ទន្ទឹមគ្នា អ៊ុយក្រែនបានចាត់ទុកកិច្ចព្រមព្រៀងនេះថា ជាការបង្ហាញដ៏សំខាន់មួយ អំពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់បស្ចិមប្រទេស។ បច្ចុប្បន្ន អ៊ុយក្រែនពឹងផ្អែកខ្លាំង លើជំនួយយោធារាប់សិបពាន់លានដុល្លារ ដើម្បីផ្តល់ឱ្យកងទ័ពរបស់ខ្លួន នូវគ្រាប់រំសេវ កាំភ្លើងធំ រថក្រោះ គ្រាប់រ៉ុក្កែត និងយោធូបករណ៍ផ្សេងៗទៀត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner