ប្រធាន គ.ជ.ប បញ្ជាក់អំពីលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ អាចនឹងផ្សាយចាប់ពីវេលាម៉ោង៧:៣០នាទីយប់
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងថា អំពីការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត ដើម្បីឱ្យដំណើរការនៃការរៀបចំចាត់ចែងយន្តការនៃការងារបញ្ជូន ទទួល ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន គ.ជ.ប បានបង្កើតគណៈកម្មការមួយឈ្មោះថា “គណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត”។ យន្តការ និងនីតិវិធីនៃការគ្រប់គ្រង និងរៀបចំការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ត្រូវកំណត់ពីថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ជាប្រតិបត្តិករដំបូងក្នុងការស្គែន និងបញ្ជូន ទម្រង់បែបបទលេខ ១១០១ ទម្រង់បែបបទលេខ ១១០៨ និងទម្រង់បែបបទលេខ ១១០២ មក គ.ជ.ប តាមរយៈគណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត ហើយគណៈកម្មការនេះ ត្រូវចាត់ចែងធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបឋមនៃការបោះឆ្នោតតាមភូមិភាគ សម្រាប់ផ្សព្វផ្សាយជាព័ត៌មានលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ គ.ជ.ប នឹងរៀបចំប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ដែលការប្រកាសផ្សាយនេះមានគោលបំណងសំខាន់គឺ៖
-ដើម្បីផ្ដល់ជំនឿទុកចិត្តដល់ភាគីពាក់ព័ន្ធទៅលើលទ្ធផលនៃការបោះឆ្នោត
-ដើម្បីផ្សព្វផ្សាយលទ្ធផលបឋមបានឆាប់រហ័ស ត្រឹមត្រូវច្បាស់លាស់ ទូលំទូលាយ និងមានតម្លាភាព។
ឯកឧត្តមបន្តថា ការផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតនេះ គ.ជ.ប បានសហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) បន្ទាប់ពី គ .ជ.ប បានទទួលទិន្នន័យ និងទម្រង់បែបបទលេខ ១១០១ ទម្រង់បែបបទលេខ ១១០៨ និងទម្រង់បែបបទលេខ ១១០២ ពីគ្រប់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងបន្ទាប់ពីគណៈកម្មការគ្រប់គ្រងលទ្ធផលបោះឆ្នោតបឋមនៃ គ.ជ.ប បានត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបតាមភូមិភាគរួច ហើយដែលអាចនឹងផ្សាយចាប់ពីវេលាម៉ោង ៧:៣០នាទីយប់តទៅ។ ទន្ទឹមនឹងនេះ លទ្ធផលបឋមនៃការបោះឆ្នោត ក៏នឹងមានផ្សាយតាមវិទ្យុជាតិកម្ពុជា និងតាមអ៊ីនធឺណិតដែលត្រូវធ្វើឡើងតាមគេហទំព័រដែលមានអាសយដ្ឋាន www.nec.gov.kh និងកម្មវិធីទូរសព្ទដៃ (App) CamNEC News, Channel YouTube និងតាម Facebook Page ផ្លូវការរបស់ គ.ជ.ប។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា លទ្ធផលនៃការបោះឆ្នោតនឹងត្រូវបានត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបក្នុងរាជធានី ខេត្តដោយ គធ.ខប យ៉ាងត្រឹមត្រូវតាមប្រមាណវិធីដោយដៃ និងតាមកុំព្យូទ័រ ដែលកំណត់ដោយ គ.ជ.ប ដើម្បីផ្ញើជូន គ.ជ.ប ដើម្បីពិនិត្យបញ្ជាក់ភាពត្រឹមត្រូវ និងសម្រេចជាលទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការ។
ផ្អែកតាមប្រតិទិននៃការបោះឆ្នោត គ.ជ.ប នឹងបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយប្រសិនបើគ្មានពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននេះ លទ្ធផលផ្លូវការអាចនឹងប្រកាសនៅចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
ជារួម បរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។ យើងអាចចាត់ទុកការបោះឆ្នោតនេះ ជាការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ៕
ដោយ៖ពលជ័យ