គ.ជ.ប៖ អ្នកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសរុប៩៩,៨៦ ភាគរយ និងថា ការបោះឆ្នោត ប្រកបដោយសន្តិសុខ,សុវត្ថិភាព
ភ្នំពេញ៖ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ប្រកបដោយសន្តិសុខ,សុវត្ថិភាព ។បើតាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតដែល គ.ជ.ប ទទួលបាន បង្ហាញថាអ្នកបោះឆ្នោត សរុបមានចំនួន ១១.៧៣០ នាក់ ស្មើនឹង ៩៩,៨៦ ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ១១.៧៤៧ នាក់។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ វេលាម៉ោង ៧:៣០នាទីយប់នេះ តាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖-ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក),វិទ្យុជាតិកម្ពុជា ,Facebook Page៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាដើម។
ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថា បន្ទាប់ពីការបោះឆ្នោតចាប់ពីម៉ោង៧ព្រឹក រហូតត្រូវបិទបញ្ចប់នៅវេលាម៉ោង ៣:០០ រសៀលថ្ងៃនេះរួចមកថាការបោះឆ្នោតប្រព្រឹត្តិទៅរលូនល្អ និងអាចយកជាការបាន។
ឯកឧត្តម ប្រាជ្ញ ចន្ទ បាន បញ្ជាក់បន្ថែមថា ផ្អែកតាមរបាយការណ៍ទាំង ២៥ ខេត្តក្រុងបានឱ្យដឹងថា ការិយាល័យបោះឆ្នោតទាំង ៣៣ ការិយាល័យ នៅតាមរាជធានី ខេត្តនៃមណ្ឌលបោះឆ្នោតទាំង ៨ ភូមិភាគ បានបើកដំណើរការ បោះឆ្នោត នៅអាទិត្យ ទី២៥ ខែកុម្ភៈ ចាប់ពីវេលាម៉ោង ៧ព្រឹក ដោយពុំមានការិយាល័យ បោះឆ្នោតណាមួយមិនអាចបើកបាននោះទេ។ ការបោះឆ្នោតតាមការិយាល័យមួយចំនួនត្រូវបាន បិទមុន បន្ទាប់ពីអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានបោះអស់ហើយ ដែល ការិយាល័យចុងក្រោយបានបញ្ចប់នៅវេលាម៉ោង ៣:០០រសៀល តាមការគ្រោងទុកប្រកប ដោយសន្តិសុខ និងសុវត្ថិភាព។
ឯកឧត្តមប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកឡើងដោយបញ្ជាក់ដែរថា បន្ទាប់ពីបិទការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតក៏ចាប់ផ្ដើមភ្លាមៗនៅនឹងកន្លែង តាម នីតិវិធី និងសេចក្តីណែនាំរបស់ គ.ជប ក្រោមការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ និង អ្នកសង្កេតការណ៍បោះឆ្នោតនៅតាមការិយាល័យនីមួយៗ។ ទម្រង់បែបបទលេខ ១១០២ ដែលជា កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងលទ្ធផលនៃការបោះឆ្នោតត្រូវបានគណៈកម្មការការិយាល័យ រាប់សន្លឹកឆ្នោតបិទផ្សាយជាសាធារណៈនៅត្រង់ច្រកចូលទីតាំងការិយាល័យរាប់សន្លឹកឆ្នោត ដែល នឹងទុករហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ។
ឯកឧត្តមបានលើកឡើងដែរថាចំពោះអ្នកអវត្តមានក្នុងពេលបោះឆ្នោតដែលមានចំនួនតិចតួចនោះដោយសារពួកគាត់មានរោគជំងឺ ក្នុងចំណោមនេះមានអ្នកដេកមន្ទីរពេទ្យផង។
គួររំលឹកថាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។
ដោយឡែកសម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ រួមមាន សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕
អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖ គ្រីសម្បត្តិ