ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់ជួបជុំ គាំទ្រអតីតប្រធានាធិបតី ដែលគេហាមមិនឲ្យឈរឈ្មោះបោះឆ្នោត

ប្រាស៊ីលីយ៉ា៖ លោក Bolsonaro អតីតប្រធានាធិបតីនៃប្រទេសប្រេស៊ីលបានរិះគន់ «បំរាមហាមឃាត់ការបោះឆ្នោត» ចំពោះរូបលោក ខណៈដែលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា បង្ហាញពីការគាំទ្រលើរូបលោក។

ប្រជាជនប្រេស៊ីលរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា តាមដងផ្លូវនៃទីក្រុង Sao Paulo កាលពីថ្ងៃអាទិត្យ។ ថ្លែងទៅកាន់អ្នកគាំទ្រ នៅក្នុងទីក្រុងសេដ្ឋកិច្ចរបស់ប្រេស៊ីលមួយនេះ លោក Bolsonaro ថែមទាំងបានបដិសេធម្តងទៀត នូវការចោទប្រកាន់ដែលថា លោកគ្រោងធ្វើរដ្ឋប្រហារ ដើម្បីបន្តកាន់អំណាច បន្ទាប់ពីចាញ់ការបោះឆ្នោត ក្នុងខែតុលា ឆ្នាំ២០២២។

លោក Bolsonaro ដែលត្រូវប៉ូលិសរឹបអូសយកលិខិតឆ្លងដែន បាននិយាយថា «អ្វីទៅជារដ្ឋប្រហារ? គឺសំដៅលើ រថក្រោះនៅតាមដងផ្លូវ អាវុធ ការឃុបឃិតគ្នា.. តែរឿងបែបនេះ គ្មានកើតឡើង ក្នុងប្រទេសប្រេស៊ីល»។

កាលពីខែមិថុនា តុលាការបានរារាំង លោក Bolsonaro ពីការឈរឈ្មោះបោះឆ្នោត ប្រធានាធិបតី រហូតដល់ឆ្នាំ២០៣០ ជុំវិញការចោទថា លោកជ្រែតជ្រែកប្រព័ន្ធបោះឆ្នោត។
ក្នុងពេលជួបជុំ កាលពីថ្ងៃអាទិត្យ អតីតមេដឹកនាំរូបនេះបានរំលឹកឡើងវិញថា លោកកំពុងត្រូវបានមូលបង្កាច់ បន្ទាប់ពីបានគ្រប់គ្រងប្រទេសប្រេស៊ីល នៅចន្លោះពីឆ្នាំ២០១៩ ដល់ ២០២២៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner